The Westminster Shorter Catechism

Below is a translation of the Westminster Shorter Catechism.  If you wish to see the English Westminster Shorter Catechism you can go to  http://learnscripture.net/catechisms/WSCME/  or  http://matt2819.com/wsc/

The Westminster Shorter Catechism pdf download

សំនួរចំលើយគោលជំនឿគ្រីស្ទានខ្លីបកប្រែពី Westminster Shorter Catechism

ដោយ សុខា​ និង​ លូកា ស្មីត អានឡើងវិញ និងកែសំរួលដោយ លោកគ្រូគង្វាលនុត ស៊ីដេត

Emails:     Luke.bryant.smith@gmail.com       Sokhasmith@gmail.com

 

១.​      សំ-     តើអ្វីគឺជាគោលបំណងចំបងរបស់មនុស្ស?

ចំ       គោលបំណងចំបងរបស់មនុស្សគឺ ថ្វាយសិរីរុងរឿងដល់ព្រះ និងអរសប្បាយ ជាមួយទ្រង់​ជារៀង​ដរាប​តទៅ។

២.​     សំ-     តើអំណាចអ្វីដែលព្រះជាម្ចាស់បានប្រទានមកដើម្បីបង្ហាញយើងអំពីរបៀបថ្វាយ សិរី​រុងរឿង​ដល់​ព្រះ​ និងអរសប្បាយ ជាមួយទ្រង់ជារៀងដរាប?

ចំ-      អំណាចតែមួយដែលបង្ហាញយើង អំពីរបៀបថ្វាយសិរីរុងរឿងដល់ព្រះ​ និង អរ សប្បាយ​ជាមួយ​ទ្រង់ជា​រៀង​ដរាបនោះ ​គឺ ព្រះគម្ពីរបរិសុទ្ធ ដែលជាព្រះបន្ទូល របស់ព្រះ ហើយ​ព្រះបន្ទូល​នេះ​ត្រូវ​បានចែងទុកនៅ​ក្នុង ព្រះគម្ពីរសញ្ញាចាស់ និងព្រះ​គម្ពីរ​សញ្ញាថ្មី។

៣.​     សំ-     តើព្រះគម្ពីរបរិសុទ្ធបង្រៀនអំពីអ្វីជាចំបង?

ចំ-      ព្រះគម្ពីរបរិសុទ្ធបង្រៀននូវអ្វីដែលមនុស្សត្រូវជឿអំពីព្រះ និងអ្វីដែលព្រះតំរូវឲ្យ​មនុស្សធ្វើ។

៤.​      សំ-     តើព្រះជាម្ចាស់គឺជាអ្វី?

ចំ-      ព្រះជាម្ចាស់ គឺជាវិញ្ញាណ ប្រកបដោយអនន្តភាព[1] ស្ថិតនៅអស់កល្បជានិច្ច  ហើយ​មិនចេះ​ប្រែ​ប្រួល។​ នៅក្នុង ទ្រង់មានប្រាជ្ញាញាណ​ តេជានុភាព[2]​ ភាពបរិសុទ្ធ​ យុត្តិធម៌  សោភ័ណ​ភាព និងសេចក្តីពិត​។

៥.​      សំ-     តើមានព្រះច្រើនជាងមួយឬ?

ចំ-      ទេ មានព្រះតែមួយប៉ុណ្ណោះ ដែលជាព្រះដ៏មានព្រះជន្មគង់នៅ​ និងជាព្រះ ដ៏ពិត។

៦.​      សំ-     តើព្រះពិតតែមួយនេះសំដែងចេញជាប៉ុន្មានអង្គ?

ចំ-      ព្រះពិតតែមួយនេះសំដែងចេញជា បីអង្គ គឺ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះ​វិញ្ញាណ​បរិសុទ្ធ។ ទាំងបី​អង្គនេះ គឺជាព្រះតែមួយ ដែលមានលក្ខណៈដូចគ្នា ហើយមានព្រះ ចេស្តា និងសិរីរុង​រឿង​ស្មើគ្នា។

៧.​     សំ-     តើអ្វីទៅដែលហៅថាព្រះរាជក្រឹត្យ?

ចំ-      ព្រះរាជ្យក្រឹត្យ គឺជាផែនការដ៏នៅអស់កល្បរបស់ព្រះដែលបានកំណត់ទុក​ហើយ ជា​ស្រេច ​ស្រប​ទៅតាម​បំណង​ព្រះ​ហឫទ័យ​របស់ទ្រង់ ​ហើយសំរាប់ជាសិរីរុង រឿងរបស់ទ្រង់​ផ្ទាល់ ដូច្នេះហើយ​បាន​ជា​ទ្រង់​កំណត់​ទុក​ជាមុននូវអ្វីៗ​គ្រប់យ៉ាង​ដែលត្រូវកើតឡើង។

៨.​      សំ-     តើព្រះសំរេចនូវព្រះរាជក្រឹត្យរបស់ទ្រង់យ៉ាងដូចម្តេច?

ចំ-      ព្រះសំរេចនូវព្រះរាជក្រឹត្យរបស់ទ្រង់ តាមរយៈការបង្កើតលោក និងការ អភិបាល[3]​ លោក។

៩.​      សំ-     តើការបង្កើតលោកមានអត្ថន័យយ៉ាងដូចម្តេច?

ចំ-      ការបង្កើតលោក គឺជាការដែលព្រះបង្កើតរបស់សព្វសារពើនៅក្នុង​រយៈ​ពេល ៦ថ្ងៃ​ ចេញ​ពី​របស់​ដែល​គ្មាន ដោយ​ប្រើ​អំណាច​នៃព្រះបន្ទូលទ្រង់ ហើយគ្រប់ ទាំងរបស់​ដែល​ទ្រង់​បាន​បង្កើត​ឡើង​នោះ​សុទ្ធ​សឹងតែល្អប្រពៃណាស់។

 

១០.​   សំ-     តើព្រះបានបង្កើតមនុស្សឡើងយ៉ាងដូចម្តេច?

ចំ-      ព្រះបានបង្កើតមនុស្សឡើង ​ជាប្រុស ជាស្រី ឲ្យចំនឹងរូបអង្គទ្រង់ គឺ ឲ្យពួកគេ មាននូវ​ចំណោះដឹង ​សេចក្តីសុចរិត  និងសេចក្តីបរិសុទ្ធ​ ព្រមទាំងមានអំណាច គ្រប់គ្រងលើសត្វផងទាំងឡាយ​ដែល​ទ្រង់​បានបង្កើតមក។

១១.​   សំ-     តើអ្វីទៅដែលហៅថាការអភិបាលរបស់ព្រះ?

ចំ-      ការអភិបាលរប​ស់ព្រះ​គឺជា ការទ្រទ្រង់ និងការគ្រប់គ្រងលើជីវិតផងទាំងឡាយ​ដែល​ទ្រង់បាន​បង្កើតមក  និងគ្រប់សកម្មភាពទាំងអស់ ប្រកបដោយភាព បរិសុទ្ធ​ ព្រះប្រាជ្ញា​ញាណ និងព្រះ​ចេស្តា​ដ៏លើសលប់របស់​ទ្រង់​។

១២.​ សំ- តើអភិបាលកិច្ចពិសេសអ្វីដែលព្រះបានយកមកប្រើ ចំពោះមនុស្សដែលទ្រង់បាន​បង្កើត?

ចំ-      បន្ទាប់ពីព្រះបានបង្កើតមនុស្សរួច  ព្រះបានតាំងសេចក្តីសញ្ញានៃជីវិតជាមួយ មនុស្ស ដោយ​ប្រទាន​ឲ្យ​ពួកគេមានជីវិត​ ​ប្រសិន​បើពួកគេប្រព្រឹត្តយ៉ាងគ្រប់​លក្ខណ៍​តាមបញ្ញត្តិរបស់ទ្រង់ ដែល​ទ្រង់​បាន​ហាម​ឃាត់មិនឲ្យ​ពួកគេ​បរិភោគ​ផ្លែ​ពី​ដើមដឹងខុសត្រូវ​បើមិនដូច្នោះទេ ពួកគេ​នឹង​ត្រូវស្លាប់។

១៣.​ សំ-      តើឳពុកម្តាយដើមដំបូងរបស់យើង រក្សាបាននូវសភាពដើមរបស់ពួកគេដែរ​ឬទេ?

​ចំ-      ទេ ឪពុកម្តាយដើមដំបូងរបស់យើងទទួលបាននូវសេរីភាពនៅក្នុងការសំរេច​ចិត្ត​ បាន​ជ្រើសរើស​ធ្វើបាប​ទាស់នឹង​ព្រះ​ ហើយបាត់​បង់នូវសភាពដើម​របស់ពួក​គេ។

១៤.​   សំ-     តើអំពើបាបជាអ្វី?

ចំ-      អំពើបាបគឺជាចំណង់ចិត្តទាំងឡាយណាដែលមិនស្របតាមក្រឹត្យវិន័យរបស់​ព្រះជាម្ចាស់ ឬជាការ​ប្រព្រឹត្ត​រំលង ទាស់​នឹងក្រឹត្យវិន័យរបស់​ទ្រង់។

 

១៥.​ សំ- តើអំពើបាបណាមួយដែលឪពុកម្តាយដើមដំបូងរបស់យើងបានធ្វើ ដែល​បណ្តាលឲ្យពួកគេបាត់បង់​នូវ​សភាព​ដើមរបស់ពួកគេ?

ចំ-      អំពើបាបដែលឪពុកម្តាយដើមដំបូងរបស់យើងបានធ្វើ ដែលបណ្តាលឲ្យពួកគេ បាត់បង់​នូវ​សភាព​ដើម​របស់​ពួកគេ គឺការ​បរិភោគផ្លែឈើដែលព្រះជាម្ចាស់បាន ហាមឃាត់។

១៦.​   សំ-     តើមនុស្សលោកទាំងអស់បានធ្លាក់ទៅក្នុងសេចក្តីរំលងដំបូងរបស់អ័ដាមដែរ ឬទេ?

ចំ-      សេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយអ័ដាម មិនមែនជាមួយ​គាត់​ តែម្នាក់ឯងប៉ុណ្ណោះទេ ​តែ​ជាមួយកូនចៅរបស់គាត់ដែរ ពោលជាមួយមនុស្ស​លោកគ្រប់ជំនាន់ទាំងអស់ដែលជាពូជ​ពង្ស​របស់​គាត់​ ដែលពួកគេបានជាប់នៅ​ក្នុង​អំពើ​បាបដោយសារគាត់ ​ហើយបានធ្លាក់ទៅក្នុងអំពើបាប ជា​មួយគាត់ក្នុង​សេចក្តី​រំលង​ដំបូងរបស់គាត់។

១៧.​ សំ-      តើអំពើបាបដំបូង ធ្វើឲ្យមនុស្សលោកទាំងអស់ធ្លាក់ទៅក្នុងសភាពបែបណា?

ចំ-      អំពើបាបដំបូង បាននាំឲ្យមនុស្សលោកទាំងអស់ធ្លាក់ទៅក្នុងអំពើបាប​ និង សេចក្តីវេទនា។

១៨.​   សំ-     តើអំពើបាបដែលមនុស្សលោកបានធ្លាក់ចូលទៅនោះរួមមានអ្វីខ្លះ?

ចំ-      អំពើបាបដែលមនុស្សលោកបានធ្លាក់ចូលទៅនោះរួមមាន ​កំហុស​នៃអំពើបាប ដំបូងរបស់អ័ដាម​ កង្វះនៃសេចក្តីសុចរិតដើម និង​សេចក្តីពុក​រលួយ​ខាង​ឯ និស្ស័យ​ដើមទាំងស្រុងរបស់គាត់​ ដែល​ត្រូវ​បាន​ហៅជា​ទូទៅ​ថា អំពើបាបដើម ព្រមទាំងការប្រព្រឹត្តរំលងទាំងឡាយណាដែល​កើតចេញ​ពីអំពើ​បាប​ដើមនេះ។

 

១៩.​   សំ-     តើមនុស្សលោកទាំងអស់បានធ្លាក់ចូលទៅក្នុងសេចក្តីវេទនាអ្វីខ្លះ?

ចំ-      ដោយសារតែអំពើបាបដំបូង​ មនុស្សលោកទាំងអស់បានបាត់បង់នូវ​ទំនាក់​ទំនង​ជាមួយ​ព្រះ ​ស្ថិត​នៅ​ក្រោម​សេចក្តីក្រោធ​[4] និងបណ្តាសា​របស់ទ្រង់ ហើយ​ត្រូវរងទុក្ខវេទនា​គ្រប់បែប​យ៉ាង​នៅ​ក្នុង​ជីវិត​នេះ រួចត្រូវស្លាប់ ​និង​ទទួលនូវការ​ឈឺ​ចាប់​អស់កល្បជានិច្ចនៅក្នុងឋាននរក។

២០.​ សំ-      តើព្រះបានទុកឲ្យមនុស្សលោកទាំងអស់ត្រូវវិនាសនៅក្នុងអំពើបាប​ និងសេចក្តី វេទនាឬ?

ចំ-      ​តាំងពីអស់កល្បរៀងមក  ព្រះបានសព្វព្រះហឫទ័យ​ជ្រើសតាំង​ មនុស្ស​ខ្លះឲ្យ​ទទួល​នូវជីវិត​អស់​កល្ប​ជានិច្ច​ ដោយបានតាំងសេចក្តីសញ្ញានៃព្រះគុណដើម្បី​រំដោះ​ពួក​គេ​ឲ្យរួច​ពី​អំពើ​បាប និង​សេចក្តី​វេទនា​ ហើយបាន​នាំពួកគេទៅ​រក​សេចក្តី​សង្រ្គោះ​តាម​រយៈព្រះដ៏​ប្រោស​លោះ។

២១.​ សំ-      តើអ្នកណាជាព្រះដ៏ប្រោសលោះរបស់រាស្រ្តជ្រើសតាំងនៃព្រះ?

ចំ-      ព្រះដ៏ប្រោសលោះតែមួយគត់របស់រាស្រ្តជ្រើសតាំងនៃព្រះ គឺ ព្រះអម្ចាស់យេស៊ូវ គ្រីស្ទ​ដែល​ជា​ព្រះរាជ​បុត្រាដ៏មានព្រះជន្មអស់កល្បជានិច្ចរបស់ព្រះ បានយាង មកយកនិស្ស័យ​ជា​មនុស្ស។ តាំង​ពីគ្រានោះមកព្រះដ៏ប្រោសលោះមាននិស្ស័យពីរ​ផ្សេងគ្នា គឺ និស្ស័យជាមនុស្ស​ និងនិស្ស័យ​ជា​ព្រះ[5]​ នៅក្នុង​រូបអង្គតែ​មួយ​ជា​រៀងដរាបតទៅ។

២២.​ សំ-      តើព្រះគ្រីស្ទដែលជាព្រះរាជបុត្រានៃព្រះ បានយកនិស្ស័យជាមនុស្សយ៉ាងដូច ម្តេច?

ចំ-      ព្រះគ្រីស្ទដែលជាព្រះរាជបុត្រានៃព្រះ បានយកនិស្ស័យជាមនុស្ស  តាមរយៈ ការទទួលយក​រូបកាយ​ព្រមទាំងសាច់​ឈាមពិតៗ របស់មនុស្ស និងព្រលឹង ដែលប្រកបដោយវិចារណ​ញ្ញាណ​ ដោយបាន​យាង​ចុះ​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​នាង​ម៉ារាដែល​ជាស្រ្តី​ព្រហ្មចារី​ ​ដោយ​សារ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ រួច ប្រសូត្រពីនាងមក តែ​ទ្រង់គ្មាន​បាប​សោះ។

២៣.​ សំ-      ក្នុងនាមជាព្រះដ៏ប្រោសលោះ តើព្រះគ្រីស្ទបំពេញមុខងារជាអ្វីខ្លះ?

ចំ-     ក្នុងនាមជាព្រះដ៏ប្រោសលោះ ព្រះគ្រីស្ទបំពេញមុខងារជា ហោរា សម្តេចសង្ឃ និង​ស្តេច​ទាំង​នៅ​ពេល​ដែលទ្រង់បានបន្ទាបអង្គទ្រង់ចុះ​ និងនៅពេលដែលទ្រង់​ត្រូវតំកើងឡើង។

២៤.​ សំ-      តើព្រះគ្រីស្ទបំពេញមុខងារជាហោរាយ៉ាងដូចម្តេច?

ចំ-      ព្រះគ្រីស្ទបំពេញមុខងារជាហោរា ដោយបើកសំដែងឲ្យយើង​ស្គាល់​ព្រះរាជ ហឫទ័យរបស់​ព្រះ​ទាក់​ទងនឹង​សេចក្តីសង្រ្គោះ​របស់យើង​ តាមរយៈព្រះ​បន្ទូល​និង​ព្រះវិញ្ញាណទ្រង់។

២៥.​ សំ-      តើព្រះគ្រីស្ទបំពេញមុខងារជាសម្តេចសង្ឃយ៉ាងដូចម្តេច?

ចំ-      ព្រះគ្រីស្ទបំពេញមុខងារជាសម្តេចសង្ឃ តាមរយៈការថ្វាយរូបកាយទ្រង់ផ្ទាល់ ជាយញ្ញបូជា តែមួយ​ដងជាសំរេច ដើម្បី​បំពេញនូវសេចក្តីយុត្តិធម៌របស់ព្រះ​ហើយផ្សះផ្សារយើង​ជាមួយ​នឹងព្រះវិញ​និងការអធិស្ឋាន​ទូល​អង្វរ​ឥត​ឈប់​ឈរ នៅចំពោះព្រះសំរាប់យើង។

២៦.​ សំ-      តើព្រះគ្រីស្ទបំពេញមុខងារជាស្តេចយ៉ាងដូចម្តេច?

ចំ-      ព្រះគ្រីស្ទបំពេញមុខងារជាស្តេច តាមរយៈការបង្ក្រាបការគ្រប់គ្រង​ និងការការ ពារយើង​ ព្រមទាំង​ការទប់ទល់​ ហើយដណ្តើមយកជ័យជំនះលើខ្មាំងសត្រូវ របស់ទ្រង់ និងរបស់យើង។

២៧.​ សំ-      តើព្រះគ្រីស្ទបានបន្ទាបអង្គទ្រង់ចុះយ៉ាងដូចម្តេច?

ចំ-      ព្រះគ្រីស្ទបានបន្ទាបអង្គទ្រង់ចុះ តាមរយៈការយាងមកប្រសូត្រជាមនុស្ស គឺ​ទ្រង់​បាន​ប្រសូត្រ​នៅ​ក្នុង​សណ្ឋាន​តូចទាប ការស្ថិតនៅក្រោមបន្ទុកនៃក្រឹត្យ​វិន័យ ការរងទុក្ខវេទនាទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​ជីវិត​នេះ ​ការស្ថិត​នៅ​ក្រោម​សេចក្តីក្រោធ​របស់ព្រះ​និងបណ្តាសា​នៃ​សេចក្តីស្លាប់​ដែល​ជា​ការ​សុគតនៅ​លើ​ឈើឆ្កាង ​ត្រូវបានគេ​យក​ទៅបញ្ចុះ​និងការបន្តស្ថិត​នៅក្រោម​អំណាចនៃ​សេចក្តី ស្លាប់​អស់រយៈពេល​មួយគ្រា។

២៨.   សំ-     តើព្រះគ្រីស្ទត្រូវបានដំកើងឡើងយ៉ាងដូចម្តេច?

ចំ-      ព្រះគ្រីស្ទត្រូវបានតំកើងឡើង តាមរយៈការមានព្រះជន្មរស់​ពីសុគតឡើងវិញ​ ​នៅ​ថ្ងៃទី​បី​ ការយាង​ឡើងទៅស្ថាន​សួគ៌ ការគង់នៅខាងស្តាំព្រះហស្ថព្រះវរបិតា​ និងការយាងត្រឡប់មកវិញនៅថ្ងៃចុង​ក្រោយដើម្បីជំនុំជំរះពិភពលោក។

២៩. សំ-      តើយើងបានក្លាយទៅជាអ្នកមានចំណែកនៅក្នុងសេចក្តីប្រោសលោះរបស់​ព្រះគ្រីស្ទយ៉ាងដូចម្តេច?

ចំ-      យើងបានក្លាយទៅជាអ្នកមានចំណែកនៅក្នុងសេចក្តីប្រោសលោះរបស់ព្រះ​គ្រីស្ទ​ ​តាម​រយៈ​ព្រះរាជកិច្ចដ៏ស័ក្តិសិទ្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងយើង​រាល់​គ្នា។

៣០.​ សំ-      តើព្រះវិញ្ញាណបរិសុទ្ធប្រទាននូវសេចក្តីប្រោសលោះរបស់ព្រះគ្រីស្ទដល់យើង​យ៉ាង​ដូចម្តេច?

ចំ-      ព្រះវិញ្ញាណបរិសុទ្ធប្រទាននូវសេចក្តីប្រោសលោះរបស់ព្រះគ្រីស្ទដល់យើង តាម​រយៈ​ការ​ធ្វើឲ្យ​យើង​មាន​សេចក្តី​ជំនឿ ដើម្បីបង្រួបបង្រួមយើងនិងព្រះ គ្រីស្ទនៅ​ក្នុង​ការ​ត្រាស់​ហៅ​ដ៏​ស័ក្តិ​សិទ្ធិ​របស់​ទ្រង់។

៣១.​ សំ-      តើអ្វីទៅគឺជាការត្រាស់ហៅដ៏ស័ក្តិសិទ្ធិ?

ចំ-      ការត្រាស់ហៅដ៏ស័ក្តិសិទ្ធិ គឺជាព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងការធ្វើ​ឲ្យ​យើងជឿ​ថា យើង​គឺ​មនុស្សមានបាប ហើយរស់នៅក្នុងសេចក្តីវេទនា បំភ្លឺចិត្ត​គំនិត​របស់យើង​ឲ្យ​ស្គាល់​ព្រះគ្រីស្ទ  និងបំផ្លាស់ឆន្ទៈយើងជាថ្មី ទ្រង់បាន​បញ្ចុះ​បញ្ចូលយើង​ហើយជួយ​យើងឲ្យ​អោប​ក្រសោប​ព្រះគ្រីស្ទ ដែលបាន​ប្រទាន​មក​ដល់​យើងរាល់គ្នាដោយឥតគិតថ្លៃនៅក្នុងដំណឹងល្អ។

៣២.​ សំ- តើអ្នកដែលបានទទួលនូវការត្រាស់ហៅដ៏ស័ក្តិសិទ្ធិឲ្យមានចំណែក បានទទួល​នូវ​ផល​ប្រយោជន៍​អ្វី​ខ្លះ​នៅក្នុងជីវិតនេះ?

ចំ-      នៅក្នុងជីវិតនេះ អ្នកដែលបានទទួលនូវការត្រាស់ហៅដ៏ស័ក្តិសិទ្ធិឲ្យមាន ចំណែក​ទទួលបាននូវ​ការ​រាប់​ជា​សុចរិត​ ការក្លាយទៅជាកូនចិញ្ចឹមរបស់ព្រះ ការ ញែកចេញជាបរិសុទ្ធ ​និង​ផល​ប្រយោន៍​ផ្សេងៗ ទៀត​ដែល​មកជាមួយ ឬហូរ ចេញពីផលប្រយោជន៍ធំៗ ទាំងប៉ុន្មានខាងលើនេះ។

៣៣.​ សំ-      តើអ្វីទៅដែលហៅថា ការរាប់ជាសុចរិត?

ចំ-      ការរាប់ជាសុចរិត គឺជាព្រះរាជកិច្ចប្រកបដោយព្រះគុណដែលព្រះបានប្រទាន ឲ្យយើងដោយ​ឥត​គិត​ថ្លៃ​ ដោយ​ទ្រង់បាន​លើកលែង​ទោស​បាបទាំងប៉ុន្មាន របស់យើង ហើយរាប់យើងជា​សុចរិត​នៅ​ក្នុង​ព្រះនេត្រ​ទ្រង់ ដោយសារ​សេចក្តី សុចរិតរបស់ព្រះគ្រីស្ទ​ដែលបានប្រទានមកយើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ ហើយតាម រយៈសេចក្តី​ជំនឿ​តែមួយមុខគត់។

៣៤.​ សំ-      តើអ្វីទៅដែលហៅថា ការទទួលជាកូនចិញ្ចឹមរបស់ព្រះ?

ចំ-      ការទទួលជាកូនចិញ្ចឹមរបស់ព្រះ គឺជាព្រះរាជកិច្ចប្រកបដោយព្រះគុណដែល ព្រះបាន​ប្រទាន​ឲ្យ​យើង​ដោយ​ឥតគិតថ្លៃ ដោយ​ទ្រង់បានទទួលយើងជាកូនទ្រង់ ហើយបានប្រទានដល់យើងនូវឯក​សិទ្ធិគ្រប់​បែបយ៉ាង​ក្នុងនាមជាកូនទ្រង់។

៣៥.​ សំ-      តើអ្វីទៅដែលហៅថា ការញែកចេញជាបរិសុទ្ធ?

ចំ-      ការញែកចេញជាបរិសុទ្ធ គឺជាព្រះរាជកិច្ចប្រកបដោយព្រះគុណដែលព្រះបាន ធ្វើនៅក្នុងជីវិតយើង​ដោយ​ឥត​គិតថ្លៃ ដោយទ្រង់បំផ្លាស់បំប្រែចិត្តគំនិតរបស់ យើងទាំងស្រុង​ជាថ្មីឡើងវិញ​ដើម្បីឲ្យយើង​មាន​លក្ខណៈ​ដូច​ជា​ទ្រង់ ​ហើយ ជួយ​យើងឲ្យអាចស្លាប់ថែមទៀតខាង​ឯអំពើបាប​ ហើយរស់ឡើង​វិញ​ខាងឯ សេចក្តី​សុចរិត។

៣៦.​ សំ-      តើមានផលប្រយោន៍ណាខ្លះទៀតនៅក្នុងជីវិតនេះ ដែល​មកជាមួយ ឬហូរចេញ ពីការរាប់ជាសុចរិត ​ការទទួលជា​កូន​ចិញ្ចឹម​របស់ព្រះ និងការញែកចេញជា បរិសុទ្ធ?

ចំ-      ផលប្រយោន៍ផ្សេងៗ ទៀត​ នៅក្នុងជីវិតនេះ ដែល​មកជាមួយ ឬហូរចេញពី ការរាប់ជាសុចរិត​ ការ​ទទួលជាកូន​ចិញ្ចឹម​របស់ព្រះ និងការញែកចេញជា បរិសុទ្ធ មានដូចជា​ ការធានា​នូវ​សេចក្តី​ស្រឡាញ់​របស់ព្រះចំពោះយើង សន្តិភាពនៅក្នុងមនសិការរបស់​យើង សេចក្តីអំណរ​នៅក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ ការរីកចំរើនធំធាត់ឡើង និងការតស៊ូទ្រាំទ្រនៅក្នុងព្រះគុណរបស់ព្រះ រហូត​ដល់​ចុង​បំផុតនៃជីវិតយើង។

៣៧.​ សំ-      តើពួកអ្នកជឿ ទទួលបាននូវផលប្រយោន៍អ្វីខ្លះពីព្រះគ្រីស្ទ​ នៅពេលដែលពួកគេ ស្លាប់ទៅ?

ចំ      នៅពេលដែលពួកអ្នកជឿស្លាប់ទៅ ព្រលឹងរបស់ពួកគេត្រូវបានប្រោសឲ្យបាន ត្រឡប់ទៅជាបរិសុទ្ធ​ឥត​ខ្ចោះ ហើយបានចូលទៅក្នុងសិរីរុងរឿងនៃព្រះមួយ រំពេច។ រីឯរូបកាយរបស់ពួកគេដែលរួម​ជា​មួយ​និងព្រះគ្រីស្ទនៅឡើយ នឹង សំរាកនៅក្នុងផ្នូររហូតដល់ថ្ងៃដែលមនុស្សទាំងអស់រស់ពី​ស្លាប់​ឡើង​វិញ។

៣៨.​ សំ- តើពួកអ្នកជឿ ទទួលបាននូវផលប្រយោន៍អ្វីខ្លះពីព្រះគ្រីស្ទ នៅថ្ងៃដែល មនុស្សទាំងអស់រស់ពី​ស្លាប់​ឡើងវិញ?

ចំ-      នៅថ្ងៃដែលមនុស្សទាំងអស់រស់ពី​ស្លាប់ឡើងវិញ ពួកអ្នកជឿ ដែលត្រូវបាន ប្រោសឲ្យចូលទៅក្នុង​សិរី​រុងរឿងនៃព្រះ នឹងត្រូវបានទទួលស្គាល់ ហើយប្រកាស ជាសាធារណៈ​ថាគ្មាន​ទោស​សោះ ក្នុង​ថ្ងៃជំនុំ​ជំរះនោះ ព្រមទាំងទទួលបាននូវ ព្រះពរដ៏ល្អឥតខ្ចោះ ​នៅក្នុងសេចក្តី​អំណរ​ដ៏ពោរពេញ​របស់​ព្រះ​ជា​រៀង​ដរាប​ត ទៅ។

៣៩.​ សំ-      តើព្រះតំរូវឲ្យមនុស្សលោកទាំងអស់ធ្វើអ្វីខ្លះ?

ចំ-     ព្រះតំរូវឲ្យមនុស្សលោកទាំងអស់ ស្តាប់បង្គាប់តាមបំណងព្រះហឫទ័យដែល ទ្រង់បានបើក​សំដែង​ឲ្យ​ពួកគេបាន​ស្គាល់រួចហើយ។

៤០.​   សំ-     តើព្រះបានបើកសំដែងបទបញ្ញត្តិណាខ្លះមុនគេបង្អស់ ដើម្បីឲ្យមនុស្សបាន​ស្តាប់បង្គាប់តាម?

ចំ-      បទបញ្ញត្តិ​ដែលទ្រង់បានបើកសំដែងមុនគេបង្អស់ ដើម្បីឲ្យមនុស្សបានស្តាប់ បង្គាប់​តាម​ គឺ​ក្រឹត្យវិន័យ​ខាងផ្នែកសីលធម៌។

៤១.​   សំ-     តើក្រឹត្យវិន័យខាងផ្នែកសីលធម៌ត្រូវបានសង្ខេបទុកនៅឯណា?

ចំ-      ក្រឹត្យវិន័យខាងផ្នែកសីលធម៌ ត្រូវបានសង្ខេបទុកនៅក្នុងក្រឹត្យវិន័យទាំង ១០ ប្រការ។

៤២.​ សំ-      តើក្រឹត្យវិន័យទាំង​ ១០ប្រការត្រូវបានសង្ខេបមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទាំង ១០ប្រការត្រូវបានសង្ខេបមកយ៉ាងដូច្នេះថា អ្នកត្រូវស្រឡាញ់ ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យអស់ពី​ចិត្ត អស់ពីព្រលឹងវិញ្ញាណ អស់ពីកំលាំង និងអស់ពីគំនិតរបស់​អ្នក ហើយ​អ្នកត្រូវស្រឡាញ់អ្នកជិត​ខាង​របស់​អ្នកឲ្យដូច ជាខ្លួនឯង។

៤៣. សំ-      តើអ្វីទៅ គឺជា លំនាំសេចក្តីនៃក្រឹត្យវិន័យទាំង ១០ ប្រការ?

ចំ-      លំនាំសេចក្តីនៃក្រឹត្យវិន័យទាំង ១០ប្រការ គឺស្ថិតនៅក្នុងព្រះបន្ទូលប៉ុន្មានម៉ាត់ នេះ​ «អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើ នៅស្រុកអេស៊ីព្ទមក។»

 

 

៤៤.   សំ-     តើលំនាំសេចក្តីនៃក្រឹត្យវិន័យទាំង ១០ ប្រការ បង្រៀនយើងអំពីអ្វីខ្លះ?

ចំ-      លំនាំសេចក្តីនៃក្រឹត្យវិន័យទាំង ១០ប្រការ បង្រៀនយើងថា ដោយសារព្រះ គឺជា​ព្រះ​អម្ចាស់ និងជា​ព្រះ​របស់យើង ហើយជាព្រះដ៏ប្រោសលោះ ដូច្នេះហើយ​បាន​ជា​យើងត្រូវតែ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ទាំង​អស់​របស់ទ្រង់។

៤៥.   សំ-     តើក្រឹត្យវិន័យទីមួយបានចែងមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទីមួយបានចែងមកថា​ «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យ សោះ។»

៤៦.   សំ-     តើក្រឹត្យវិន័យទីមួយតំរូវឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីមួយតំរូវឲ្យយើងដឹង និងទទួលស្គាល់ថា ព្រះ គឺជាព្រះដ៏ពិតតែមួយ និងជា​ព្រះ​របស់​យើង  ហើយយើងត្រូវថ្វាយបង្គំ និងថ្វាយសិរីរុងរឿងដល់ទ្រង់ឲ្យ​សាក​សម​នឹង​ឋានៈរបស់ទ្រង់។

៤៧.   សំ-     តើក្រឹត្យវិន័យទីមួយបានហាមមិនឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីមួយបានហាមមិនឲ្យយើងបដិសេធ ឬមិនថ្វាយបង្គំ និងមិនថ្វាយ​សិរីរុង​រឿង​ចំពោះ​ព្រះដ៏ពិត​តែ​មួយជាព្រះ និងជាព្រះរបស់យើង ហើយបែរទៅ​ថ្វាយ​បង្គំ​ និងថ្វាយ​សិរី​រុងរឿងដល់ព្រះ​ណា​ផ្សេង​ទៀត ឬអ្វីផ្សេងទៀត ដ្បិតមាន​តែ​ទ្រង់​មួយអង្គ​ប៉ុណ្ណោះ ដែល​សាកសម​នឹង​ទទួល​នូវ​ការ​ថ្វាយបង្គំ និងសិរីរុង​រឿង​ពី​យើង។

 

 

៤៨.   សំ-     តើពាក្យទាំងនេះ «នៅចំពោះអញ»​ ក្នុងក្រឹត្យវិន័យទីមួយបានបង្រៀនអ្វីជា​ពិសេស​ដល់យើង?

ចំ-      ពាក្យទាំងនេះ «នៅចំពោះអញ»​ ក្នុងក្រឹត្យវិន័យទីមួយ បានបង្រៀនយើងថា ព្រះដែលទត​ឃើញ​គ្រប់​ការ​ទាំងអស់ ជ្រាបគ្រប់ការទាំងអស់ ទ្រង់ខ្ញាល់[6]​ ជា​ខ្លាំង​ចំពោះ​អំពើ​បាប​នៃ​ការ​ដែល​មនុស្ស​មានព្រះឯណា​ផ្សេងទៀតក្រៅពីទ្រង់។

៤៩.   សំ-     តើក្រឹត្យវិន័យទីពីរបានចែងមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទីពីរបានចែងមកថា «កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើឬ​នៅ​ផែនដី​ខាង​ក្រោមឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង។ ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះឬ​គោរព​ប្រតិបត្តិ​តាមនោះ​ឡើយដ្បិត​អញ​ដែល​ជា​យេហូវ៉ាជា​ព្រះ​នៃ​ឯងអញ​មាន​សេចក្តី​ប្រច័ណ្ឌក៏​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ​រហូត​ដល់​៣​ហើយ​៤​ដំណ​ផងចំពោះ​អស់​អ្នក​ណា​ដែល​ស្អប់​អញ។ តែ​អញ​ផ្តល់​សេចក្តី​សប្បុរសដល់​ទាំង​ពាន់​ដំណនៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​របស់​អញ​ទាំង​ប៉ុន្មាន​វិញ។»​

៥០.   សំ-     តើក្រឹត្យវិន័យទីពីរតំរូវឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីពីរតំរូវឲ្យយើងទទួលប្រតិបត្តិ[7]តាមដោយគោរពកោតខ្លាច ព្រមទាំង​រក្សាឲ្យ​បាន​គ្រប់​លក្ខណ៍​ និងឥត​សៅ​ហ្មងនូវបទបញ្ញត្តិ​ខាងឯសាសនា​ និង​ការថ្វាយបង្គំទាំង​អស់ដែល​ព្រះជាម្ចាស់​បានចែងទុកនៅក្នុង​ព្រះបន្ទូល​ទ្រង់។

 

 

៥១.   សំ-     តើក្រឹត្យវិន័យទីពីរបានហាមមិនឲ្យយើងធ្វើអ្វីខ្លះ?

ចំ- ​     ក្រឹត្យវិន័យទីពីរបានហាមមិនឲ្យយើងថ្វាយបង្គំព្រះ ដោយប្រើរូបចំលាក់ រូប​បដិមាករ​ ឬក្នុងរូបភាព​ណាផ្សេងទៀតដែលមិនបានចែងទុកនៅក្នុងព្រះ​បន្ទូល​ទ្រង់។

៥២. សំ-      តើអ្វីទៅគឺជាហេតុផលដែលស្ថិតនៅពីក្រោយក្រឹត្យវិន័យទីពីរ?

ចំ-     ហេតុផលដែលស្ថិតនៅពីក្រោយក្រឹត្យវិន័យទីពីរ គឺថាព្រះជាម្ចាស់ទ្រង់គ្រប់គ្រង​លើយើងទាំងស្រុង យើង​គឺជាកម្មសិទ្ធិរបស់ទ្រង់​ ហើយទ្រង់សព្វព្រះហឫទ័យ​ឲ្យ​យើង​ថ្វាយ​បង្គំទ្រង់ឲ្យបានត្រឹមត្រូវ។

៥៣.   សំ-     តើក្រឹត្យវិន័យទីបីបានចែងមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទីបីបានចែងមកថា «កុំ​ឲ្យ​ចេញ​ព្រះនាម​របស់​ព្រះយេហូវ៉ាជា​ព្រះ​នៃ​ឯង​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណាដែល​ចេញ​ព្រះនាម​ទ្រង់ជា​អសារ​ឥត​ការ​នោះ​ទេ។»

៥៤.   សំ-     តើក្រឹត្យវិន័យទីបីតំរូវឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីបីតំរូវឲ្យយើងប្រើព្រះបរមនាមព្រះបរមងារ លក្ខណៈសម្បត្តិ​ បទ​បញ្ញត្តិ​ ព្រះបន្ទូល និង​ព្រះរាជ​កិច្ច​រ​បស់ព្រះអង្គក្នុងផ្លូវដ៏បរិសុទ្ធ និងដោយ​ការ​គោរព​កោតខ្លាច។

៥៥.   សំ-     តើក្រឹត្យវិន័យទីបីបានហាមមិនឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីបីបានហាមមិនឲ្យយើងប្រមាថមើលងាយ ឬរំលោភបំពានទៅ​លើ​អ្វី​មួយ​ដែលព្រះ​ជា​ម្ចាស់​ប្រើដើម្បី​បើកសំដែងអំពីអង្គទ្រង់។

៥៦.   សំ-     តើអ្វីទៅគឺហេតុផលដែលស្ថិតនៅពីក្រោយក្រឹត្យវិន័យទីបី?

ចំ-      ហេតុផលដែលស្ថិតនៅពីក្រោយក្រឹត្យវិន័យទីបី គឺថាព្រះអម្ចាស់ដ៏ជាព្រះនៃ​យើង​ ទ្រង់នឹង​មិន​អនុញ្ញាត្តិ​ឲ្យ​នរណា​ម្នាក់ ដែលប្រព្រឹត្តរំលងក្រឹត្យវិន័យនេះ​ រួចខ្លួន​ពីការជំនុំជំរះដ៏សុចរិតរបស់​ទ្រង់​ឡើយ​ ទោះបីជា​ពួកគេអាចនឹងរួចខ្លួនពី​ការ​ដាក់​ទោសរបស់មនុស្សក៏ដោយ។

៥៧.   សំ-     តើក្រឹត្យវិន័យទីបួនបានចែងមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទីបួនបានចែងមកថា «ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ។​ ​ក្នុងរវាង៦​ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ​ តែឯថ្ងៃទី ៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់សំរាកថ្វាយ​ព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃ នោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុស កូនស្រីឯងក្តី ទោះបាវប្រុស​ ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នក​ដទៃ​ដែល​នៅផ្ទះឯងក្តី។ ត្បិតក្នុង ៦ថ្ងៃ ព្រះ​យេហូវ៉ា​ទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនិងសមុទ្រ ព្រម​ទាំងរបស់សព្វ​សារពើ​នៅ​ស្ថានទាំង​នោះ​ដែរ​ រួចដល់ថ្ងៃទី ៧​ ទ្រង់ឈប់សំរាក ហេតុនោះបាន​ជា​ព្រះ​យេហូវ៉ាទ្រង់ប្រទានពរដល់ថ្ងៃឈប់សំរាក ហើយ​ក៏​ញែកចេញ​ជា​បរិសុទ្ធ។»

៥៨.   សំ-     តើក្រឹត្យវិន័យទីបួនតំរូវឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីបួនតំរូវឲ្យយើង រក្សាពេលដែលព្រះបានកំណត់ទុក​នៅក្នុងព្រះ​បន្ទូល​ទ្រង់​ជា​បរិសុទ្ធ ជា​ពិសេស គឺ ១ ថ្ងៃពេញក្នុងរវាង​ ៧ថ្ងៃដែលត្រូវញែក​ទុក​ជា​ថ្ងៃសប័្បទបរិសុទ្ធ​ថ្វាយដល់ទ្រង់។

៥៩.   សំ-     តើថ្ងៃណាក្នុងរវាង ៧ថ្ងៃដែលព្រះបានកំណត់ទុកជាថ្ងៃសប្ប័ទប្រចាំសប្តាហ៍?

ចំ-      ចាប់តាំងពីកំណកំណើតផែនដីរហូតដល់ព្រះគ្រីស្ទមានព្រះជន្មរស់ពី​សុគត​ឡើងវិញ ព្រះ​ជា​ម្ចាស់​បាន​កំណត់ថ្ងៃទី ៧ ដែលត្រូវនឹងថ្ងៃសៅរ៍ ​ទុកជាថ្ងៃ​សប្ប័ទ​ប្រចាំ​សប្តាហ៍​ ហើយថ្ងៃ​ទី ១ ដែល​ត្រូវ​នឹង​ថ្ងៃ​អាទិត្យទុកជា​ថ្ងៃសប្ប័ទ​សំរាប់​គ្រីស្ទបរិស័ទ ចាប់តាំងពី​ព្រះគ្រីស្ទមាន​ព្រះជន្ម​រស់ពី​សុគត​ឡើង​វិញ​រហូត​ដល់ចុងបំផុតនៃផែនដី។

 

 

៦០.   សំ-     តើយើងត្រូវញែកថ្ងៃសប្ប័ទចេញជាបរិសុទ្ធយ៉ាងដូចម្តេច?

ចំ-      យើងត្រូវញែកថ្ងៃសប្ប័ទចេញជាបរិសុទ្ធ ដោយឈប់សំរាកក្នុងភាពបរិសុទ្ធឲ្យ​បា​ន​ពេញ ១ថ្ងៃ​ ពី​គ្រប់​ការងារ និងការ​កំសាន្ត​ទាំងអស់ក្នុងលោកិយនេះ[8] ដែល​យើងអាចធ្វើនៅក្នុងថ្ងៃ​ណាផ្សេង​ទៀត​បាន​ ហើយ​ចំណាយពេលទាំងអស់របស់​យើង​នៅក្នុងថ្ងៃនេះ ដើម្បីថ្វាយ​បង្គំ​ព្រះជាម្ចាស់​ជា​សាធារណៈ[9] និង​ថ្វាយបង្គំ​ទ្រង់​ជាឯកជន[10] លើកលែងតែ​មាន​ធុរៈ​ចាំបាច់​និង​កិច្ចការ​ខាង​ឯសេចក្តី​មេត្តា​ករុណា​ដែល​ត្រូវបំពេញ​ដោយ​ខានមិនបានតែប៉ុណ្ណោះ។

៦១.   សំ-     តើក្រឹត្យវិន័យទីបួនបានហាមមិនឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីបួនបានហាមមិនឲ្យយើងខកខានក្នុងការបំពេញ ឬបំពេញនូវ​កាតព្វកិច្ច​ដែលព្រះ​តំរូវ​ឲ្យ​យើង​ធ្វើ​ដោយធ្វេសប្រហែស ឬមិនគោរពថ្ងៃនេះដោយ​សារសេចក្តីខ្ជិលច្រអូស ឬធ្វើបាប ឬគិត​ ​និយាយ ឬធ្វើការងារ​ ឬការ​កំសាន្ត​ទាំងឡាយណាដែល​មិនចាំបាច់[11]

៦២. សំ-      តើអ្វីទៅគឺហេតុផលដែលស្ថិតនៅពីក្រោយក្រឹត្យវិន័យទីបួន?

ចំ-      ហេតុផលបួនយ៉ាងដែលស្ថិតនៅពីក្រោយក្រឹត្យវិន័យទីបួន គឺថាព្រះជាម្ចាស់​បាន​អនុញ្ញាតិ​ឲ្យ​យើង​បំពេញ​ការងារ​ទាំងអស់​របស់​យើង​ក្នុងរយៈពេល​ ​៦ថ្ងៃ  ទ្រង់​ទាមទារ​ថ្ងៃទី៧ ទុកជាកម្មសិទ្ធិពិសេស​របស់ទ្រង់​ ទ្រង់បានបន្សល់ទុកនូវគំរូ​នេះ​សំរាប់យើង​ ហើយទ្រង់បាន​ប្រទានពរដល់ថ្ងៃ​សប្ប័ទ។

 

 

៦៣.   សំ-     តើក្រឹត្យវិន័យ​ទីប្រាំបានចែងមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទីប្រាំបានចែងមកថា «ចូរឲ្យគោរពប្រតិបត្តិមាតាបិតា ដើម្បីឲ្យ​បាន​អាយុ​វែង​នៅក្នុង​ស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់​ប្រទានឲ្យ។»

៦៤.   សំ-     តើក្រឹត្យវិន័យទីប្រាំតំរូវឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីប្រាំតំរូវឲ្យមនុស្សគ្រប់វ័យ គ្រប់ឋានៈ គ្រប់មុខងារ គ្រប់តួនាទី​ គ្រប់​សាច់​សន្តាន គ្រប់​ទំនាក់​ទំនង មិនថាជាចៅហ្វាយ កូនចៅ ក្លើ ឬមានសមភាព​នឹង​គ្នាក្នុង​ប្រការណាមួយ ត្រូវ​រក្សា​ឲ្យ​បាននូវការគោរព និងការ​បំពេញនូវ​កាតព្វកិច្ច​រ​បស់ខ្លួនចំពោះគ្នាទៅវិញទៅមក។

៦៥.   សំ-     តើក្រឹត្យវិន័យទីប្រាំបានហាមមិនឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីប្រាំបានហាមមិនឲ្យយើងព្រងើយកន្តើយ ឬប្រព្រឹត្តដោយរំលោភ​ទៅលើ​កិត្តិយស និង​កាតព្វកិច្ចរបស់មនុស្សគ្រប់វ័យ គ្រប់ឋានៈ គ្រប់មុខងារ គ្រប់​តួនាទី​ គ្រប់សាច់សន្តាន គ្រប់​ទំនាក់​ទំនង។​

៦៦.   សំ-     តើអ្វីទៅគឺហេតុផលដែលស្ថិតនៅពីក្រោយក្រឹត្យវិន័យទីប្រាំ?

ចំ-      ហេតុផលដែលស្ថិតនៅពីក្រោយក្រឹត្យវិន័យទីប្រាំ គឺសេចក្តីសន្យារបស់ព្រះ​ដែល​ថា ទ្រង់នឹង​ប្រទាន​នូវអាយុវែង និងភាពចំរុងចំរើនរុងរឿង ប្រសិន​បើ​សេចក្តី​ទាំងនេះថ្វាយសិរីរុងរឿងដល់ព្រះ និង​ផ្តល់ជាគុណប្រយោជន៍ទៅដល់​អស់​អ្នក​ដែល​រក្សាតាមក្រឹត្យវិន័យនេះ។

៦៧.   សំ-     តើក្រឹត្យវិន័យទីប្រាំមួយបានចែងមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទីប្រាំមួយបានចែងមកថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ។»

៦៨.   សំ-     តើក្រឹត្យវិន័យទីប្រាំមួយតំរូវឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីប្រាំមួយតំរូវឲ្យយើងខ្នះខ្នែងធ្វើគ្រប់កិច្ចការស្របច្បាប់ ដើម្បីរក្សានូវ​អាយុ​ជីវិត​របស់​យើង​ផ្ទាល់ និងអាយុជីវិតរបស់អ្នកដទៃទៀត។

 

៦៩.   សំ-     តើក្រឹត្យវិន័យទីប្រាំមួយបានហាមមិនឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីប្រាំមួយបានហាមមិនឲ្យយើងផ្តាច់ជីវិតខ្លួនឯង ឬជីវិតរបស់អ្នក​ដទៃ​ទៀត​ដោយ​អយុត្តិធម៌ ឬធ្វើអ្វីមួយដែលនាំទៅរកការធ្វើអត្តឃាត ឬ មនុស្ស​ឃា​ត។

៧០.   សំ-     តើក្រឹត្យវិន័យទីប្រាំពីរបានចែងមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទីប្រាំពីរបានចែងមកថា «កុំឲ្យផិតគ្នាឲ្យសោះ។»

៧១.   សំ-     តើក្រឹត្យវិន័យទីប្រាំពីរតំរូវឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីប្រាំពីរតំរូវឲ្យយើង និងមនុស្សគ្រប់ៗគ្នារក្សាឲ្យបាននូវភាពបរិសុទ្ធ​ខាងផ្នែក​ផ្លូវ​ភេទ​ដោយ​កាយ ​វាចា​ ចិត្ត។

៧២.  សំ-     តើក្រឹត្យវិន័យទីប្រាំពីរបានហាមមិនឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីប្រាំពីរបានហាមមិនឲ្យយើងគិត និយាយ​ ឬធ្វើអ្វីមួយដែលមិន​បរិសុទ្ធខាង​ផ្នែក​ផ្លូវ​ភេទ។

៧៣.  សំ-     តើក្រឹត្យវិន័យទីប្រាំបីបានចែងមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទីប្រាំបីបានចែងមកថា «កុំឲ្យលួចឲ្យសោះ។»

៧៤.   សំ-     តើក្រឹត្យវិន័យទីប្រាំបីតំរូវឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីប្រាំបីតំរូវឲ្យយើង និងអ្នកដទៃទៀតរក និងចំរើននូវលុយកាក់ មាស​ប្រាក់ និង​ទ្រព្យសម្បត្តិរបស់ខ្លួនក្នុងផ្លូវស្របច្បាប់។

៧៥.សំ-      តើក្រឹត្យវិន័យទីប្រាំបីបានហាមមិនឲ្យធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីប្រាំបីបានហាមមិនឲ្យនរណាម្នាក់ ឬអ្វីមួយ យក ឬគៃបន្លំយក​លុយ​កាក់ មាសប្រាក់ ឬទ្រព្យសម្បត្តិពីយើង ឬអ្នកដទៃទៀតដោយអយុត្តិធម៌។

៧៦.   សំ-     តើក្រឹត្យវិន័យទីប្រាំបួនបានចែងមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទីប្រាំបួនបានចែងមកថា «កុំឲ្យធ្វើជាទីបន្ទាល់ក្លែងទាស់នឹងអ្នក​ជិត​ខាងខ្លួនឲ្យសោះ។»

៧៧.  សំ-     តើក្រឹត្យវិន័យទីប្រាំបួនតំរូវឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីប្រាំបួនតំរូវឲ្យយើងនិយាយសេចក្តីពិត ហើយរក្សា និងលើកកំពស់​សេចក្តីពិត​ចំពោះ​គ្នា​និងគ្នា និងរក្សាកេរ្តិ៍ឈ្មោះផ្ទាល់របស់យើង ក៏ដូចជាកេរ្តិ៍​ឈ្មោះ​របស់អ្នកជិតខាងរបស់យើង ជា​ពិសេសនៅពេលធ្វើជាសាក្សី។

៧៨.សំ-      តើក្រឹត្យវិន័យទីប្រាំបួនបានហាមមិនឲ្យធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីប្រាំបួនបានហាមមិនឲ្យនរណាម្នាក់ ឬអ្វីមួយនិយាយបង្ខុស​សេចក្តីពិត ឬបង្ខូច​កេរ្តិ៍​ឈ្មោះ​របស់នរណាម្នាក់។

៧៩.   សំ-     តើក្រឹត្យវិន័យទីដប់បានចែងមកយ៉ាងដូចម្តេច?

ចំ-      ក្រឹត្យវិន័យទីដប់បានចែងមកថា «កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យ​សោះ​ ក៏កុំឲ្យ​លោភ​ចង់​បាន​ប្រពន្ធគេ ឬបាវប្រុស បាវស្រីគេក្តី ឬ គោ លា ឬ​របស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ។»

៨០.   សំ-     តើក្រឹត្យវិន័យទីដប់តំរូវឲ្យយើងធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីដប់តំរូវឲ្យយើងស្កប់ចិត្តទាំងស្រុង ចំពោះស្ថានភាពជីវិតរបស់ខ្លួន ហើយប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ និងពេញទៅដោយសេចក្តីស្រឡាញ់​ចំពោះអ្នក​ដទៃ​ទៀត និងទ្រព្យសម្បត្តិរបស់ពួកគេ។

៨១.   សំ-     តើក្រឹត្យវិន័យទីដប់បានហាមមិនឲ្យធ្វើអ្វីខ្លះ?

ចំ-      ក្រឹត្យវិន័យទីដប់បានហាមមិនឲ្យយើងមានចិត្ត មិនស្កប់ស្កល់ចំពោះអ្វី​ដែល​យើង​មាន កើត​មាន​ចិត្ត​ច្រណែន  ឬមានទុក្ខបុកម្នេញដោយព្រោះឃើញដទៃ​ទៀត​បាន​ជោគជ័យ ឬមាន​សេចក្តី​ប៉ងប្រាថ្នា​មិន​ត្រឹមត្រូវចំពោះអ្វីដែលជា​ទ្រព្យសម្បត្តិរបស់អ្នកដទៃទៀត។

 

 

៨២.   សំ-     តើមាននរណាម្នាក់អាចប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់បាន​យ៉ាង​គ្រប់​លក្ខណ៍ដែរឬទេ?

ចំ-      ចាប់តាំងពីមនុស្សដំបូងបានធ្លាក់ទៅក្នុងអំពើបាបមក គ្មានមនុស្សធម្មតាណា​ម្នាក់អាច​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់បានយ៉ាងគ្រប់លក្ខណ៍នៅ​ក្នុងជីវិតនេះនោះទេ ប៉ុន្តែ​គ្រប់គ្នា​បាន​ប្រព្រឹត្ត​ល្មើសនឹងក្រឹត្យវិន័យរបស់​ព្រះ​ជា​ម្ចាស់​ជារៀងរាល់ថ្ងៃនៅក្នុង កាយ វាចា ចិត្ត ។

៨៣.   សំ-     តើអំពើបាបទាំងអស់សុទ្ធតែអាក្រក់ដូចគ្នាមែនទេ?

ចំ-      នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អំពើបាបខ្លះអាក្រក់ជាងអំពើបាបខ្លះទៀត ដោយ​ព្រោះ​តែ​ទំហំ​នៃសេចក្តីអន្តរាយដែលវាហុចផលឲ្យ។

៨៤.   សំ-     តើអំពើបាបនិមួយៗសាកសមនឹងទទួលនូវលទ្ធផលអ្វីខ្លះ?

ចំ-      អំពើបាបនិមួយៗសាកសមនឹងទទួលនូវសេចក្តីក្រោធ និងបណ្តាសារបស់ព្រះ​ជា​ម្ចាស់ ទាំង​នៅក្នុង​ជីវិតនេះ និងជីវិតខាងមុខ។

៨៥.   សំ-     តើព្រះជាម្ចាស់តំរូវឲ្យយើងធ្វើអ្វី ដើម្បីឲ្យយើងបានរួចពីសេចក្តីក្រោធ និង​បណ្តាសារបស់ទ្រង់ ដែល​យើងសាកសមនឹងទទួលសំរាប់អំពើបាប​របស់​យើង?

ចំ-      ដើម្បីឲ្យយើងបានរួចពីសេចក្តីក្រោធ និងបណ្តាសារបស់ទ្រង់ ដែលយើងសាក​សមនឹង​ទទួល​សំរាប់អំពើបាបរបស់យើង ព្រះជាម្ចាស់តំរូវឲ្យយើងមានសេចក្តី​ជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ​ហើយ​ប្រែចិត្ត​បែរទៅរកជីវិតថ្មីទាំងខិតខំប្រឹងប្រែង​អនុវត្តតាម​គ្រប់មធ្យោបាយ​ទាំងឡាយ​ដែល​ព្រះ​គ្រីស្ទទ្រង់ប្រើដើម្បីឲ្យយើងអាចទទួលបាននូវអត្ថប្រយោជន៍នៃសេចក្តីសង្គ្រោះ។

 

 

៨៦.   សំ-     តើអ្វីទៅដែលហៅថាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ?

ចំ-      សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ គឺជាសេចក្តីសង្រ្គោះដែលកើតឡើងពី​ព្រះ​គុណ​នៃព្រះ ដោយ​ហេតុ​នោះ​យើងបានទទួល ហើយពឹងផ្អែកលើទ្រង់​តែមួយ​គត់ ដើម្បីឲ្យបាន​សង្រ្គាះ​ដូច​ដែល​ទ្រង់​បាន​ប្រទានឲ្យយើងនៅក្នុងដំណឹងល្អ។

៨៧.   សំ-     តើអ្វីទៅដែលហៅថា ការប្រែចិត្តបែរទៅរកជីវិតថ្មី?

ចំ-      ការប្រែចិត្តបែរទៅរកជីវិតថ្មី គឺជាសេចក្តីសង្គ្រោះដែលកើតឡើងពីព្រះគុណ​នៃព្រះ ដោយ​ហេតុ​នោះមនុស្សមានបាបស្គាល់នូវអំពើបាបរបស់ខ្លួនយ៉ាង​ពិត​ប្រាកដ យល់ពីសេចក្តី​មេត្តាករុណា​របស់​ព្រះជាម្ចាស់នៅក្នុងព្រះយេស៊ូវ​គ្រីស្ទ សោក​ស្តាយ និងស្អប់អំពើបាបរបស់ខ្លួន ហើយបែរចេញ​ពី​អំពើ​បាបនោះ​ទៅ​រកព្រះជាម្ចាស់វិញ​ ទាំងតាំងចិត្ត ហើយខិតខំប្រឹងប្រែងប្រតិបត្តិតាម​ទ្រង់ជា​ថ្មី។

៨៨.   សំ-     តើអ្វីទៅគឺជាមធ្យោបាយដ៏សាមញ្ញ ខាងក្រៅ ដែលព្រះគ្រីស្ទទ្រង់ប្រើដើម្បីផ្តល់​នូវអត្ថប្រយោជន៍​នៃ​ការប្រោសលោះដល់យើង?

ចំ-      មធ្យោបាយដ៏សាមញ្ញ​ ខាងក្រៅដែលព្រះគ្រីស្ទទ្រង់ប្រើដើម្បីផ្តល់នូវ​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រោស​លោះ​ដល់យើង គឺបទបញ្ញត្តិរបស់ទ្រង់ ជាពិសេស ព្រះបន្ទូលនៃព្រះ ពិធីពិសិដ្ឋ[12] និង​សេចក្តី​អធិស្ឋាន​ដែលទាំងអស់នេះ​មាន​ប្រសិទ្ធិ​ភាពចំពោះសេចក្តី​សង្រ្គោះ​របស់​អ្នក​ដែល​ទ្រង់​បាន​ជ្រើសតាំង។

៨៩.   សំ-     តើអ្វីដែលធ្វើឲ្យព្រះបន្ទូលនៃព្រះមានប្រសិទ្ធិភាពចំពោះសេចក្តីសង្រ្គោះ?

ចំ-      ព្រះវិញ្ញាណនៃព្រះបណ្តាលឲ្យការអាន ហើយជាពិសេស ការអធិប្បាយនូវព្រះ​បន្ទូល​នៃព្រះ មាន​អំណាចក្នុងការញ៉ាំងឲ្យមនុស្សមានបាប​ ជឿ ហើយប្រែចិត្ត ព្រម​ទាំង​ស្អាងពួក​គេឡើង​ក្នុង​ភាព​បរិសុទ្ធ និងការកំសាន្ត​ចិត្តតាម​រយៈ​សេចក្តី​ជំនឿដើម្បីឲ្យបានសេចក្តីសង្រ្គោះ។

៩០.   សំ-     តើយើងត្រូវអាន និងស្តាប់ព្រះបន្ទូលនៃព្រះយ៉ាងដូចម្តេច ​ដើម្បីឲ្យព្រះបន្ទូល​នោះ​មាន​ប្រសិទ្ធិភាព​ចំពោះសេចក្តីសង្រ្គោះ?

ចំ-      ដើម្បីឲ្យព្រះបន្ទូលនៃព្រះ មានប្រសិទ្ធិភាពចំពោះសេចក្តីសង្រ្គោះ យើងត្រូវយក​ចិត្ត​ទុក​ដាក់​ស្តាប់​ព្រះបន្ទូលនៃព្រះដោយប្រុងប្រយ័ត្ន រៀបចំខ្លួន ហើយអធិស្ឋាន​ទូលសូមឲ្យយើងអាចយល់បាន។ ជាមួយគ្នាផងដែរ យើងត្រូវតែទទួលនូវ​ព្រះបន្ទូលនៃព្រះដោយសេចក្តីជំនឿ និង​សេចក្តីស្រឡាញ់ រក្សាទុកនូវព្រះបន្ទូល​នៃ​ព្រះ​នៅក្នុងដួងចិត្តរបស់យើង ព្រមទាំងអនុវត្ត​តាម​នៅ​ក្នុងជីវិតរបស់យើង។

៩១.   សំ-     តើពិធីពិសិដ្ឋក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធិភាពសំរាប់សេចក្តីសង្គ្រោះយ៉ាង​ដូចម្តេច?

ចំ-      ពិធីពិសិដ្ឋក្លាយជាមធ្យាបាយដ៏មានប្រសិទ្ធភាពសំរាប់សេចក្តីសង្រ្គោះ មិន​មែន​អាស្រ័យ​លើ​អំណាច​ពិសេសណាមួយនៃពិធីនេះ ឬគ្រូគង្វាល​ដែល​ដឹក​នាំ​នៅ​ក្នុង​ការធ្វើពិធីនេះនោះទេ តែ​អាស្រ័យ​លើ​ព្រះពរ​របស់ព្រះគ្រីស្ទ និងព្រះរាជ​កិច្ច​របស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុង​ពួក​អ្នក​ដែល​ទទួល​ពិធី​នេះដោយ​សេចក្តី​ជំនឿតែមួយមុខប៉ុណ្ណោះ។

៩២.   សំ-     តើអ្វីទៅគឺជាពិធីពិសិដ្ឋ?

ចំ-      ពិធីពិសិដ្ឋ គឺជាបទបញ្ញត្តិដ៏បរិសុទ្ធ ដែលព្រះគ្រីស្ទបានតាំងឡើង ហើយតាម​រយៈ​ពិធីនេះព្រះ​គ្រីស្ទ​ និងអត្ថប្រយោជន៍នៃការតាំងសញ្ញាថ្មីត្រូវ​បាន​លើក​យ​ក​មក​តំណាង ប្រថាប់ត្រា និង​អនុវត្ត​ទៅ​លើពួកអ្នកជឿ ដោយទីសំគាល់ដែល​អាច​ស្គាល់ និងយល់បានដោយញាណទាំងប្រាំ[13]

៩៣.   សំ-     តើពិធីពិសិដ្ឋនៅក្នុងសញ្ញាថ្មីមានអ្វីខ្លះ?

ចំ-      ពិធីពិសិដ្ឋនៅក្នុងសញ្ញាថ្មីមាន ពិធីបុណ្យជ្រមុជទឹក និងពិធីលៀងព្រះអម្ចាស់។

៩៤.   សំ-     តើអ្វីទៅគឺជាពិធីបុណ្យជ្រមុជទឹក?

ចំ-      ពិធីបុណ្យជ្រមុជទឹក គឺជាពិធីពិសិដ្ឋ ដែលក្នុងនោះ ការលាងសំអាតដោយទឹក​នៅក្នុង​ព្រះនាម​ព្រះ​វរបិតា​ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាទីសំគាល់ និងការប្រថាប់ត្រាបញ្ជាក់ថា យើង​បាន​រួមសម្ព័ន្ធភាពជាមួយនិងព្រះគ្រីស្ទ​ហើយ​ថា​យើងបានទទួលនូវអត្ថប្រយោជន៍នៃការតាំងសញ្ញា[14] នៃព្រះគុណ និង​បាន​ភ្ជាប់​ពាក្យធ្វើជាកម្មសិទ្ធរបស់ព្រះជាម្ចាស់។

៩៥.   សំ-     តើអ្នកណាខ្លះត្រូវទទួលនូវពិធីបុណ្យជ្រមុជទឹក?

ចំ-      ពួកអ្នកដែលមិនទាន់ជាសមាជិកក្រុមជំនុំនៅឡើយ មិនត្រូវទទួលនូវពិធីបុណ្យ​ជ្រមុជទឹក រហូត​ទាល់​តែពួកគេថ្លែងប្រាប់ជាសាធារណៈថាពួកគេបានជឿ​លើ​ព្រះគ្រីស្ទ ហើយ​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូលទ្រង់ ប៉ុន្តែទារកដែលជាកូនរបស់​សមាជិកក្រុមជំនុំត្រូវទទួលនូវពិធីបុណ្យជ្រមុជទឹក។

៩៦.   សំ-     តើអ្វីទៅគឺជាពិធីលៀងព្រះអម្ចាស់?

ចំ-      ពិធីលៀងព្រះអម្ចាស់ គឺជាពិធីពិសិដ្ឋ ដែលក្នុងនោះនំបុ័ង​ ហើយនិងស្រាទំពាំង​បាយ​ជូរ​ដែល​បាន​ចែក និងទទួល ដូចដែលព្រះគ្រីស្ទបានបង្គាប់ សំដែងនូវការ​សុគតរបស់ទ្រង់។ ពួក​អ្នក​ដែល​ទទួល​នូវ​ពិធីលៀងព្រះអម្ចាស់ដោយសមរម្យ មានចំណែកនៅក្នុងរូបកាយ និង​ព្រះលោហិត​របស់​ទ្រង់​ជា​មួយ​និងអត្ថ​ប្រយោជន៍​ទាំងអស់របស់ទ្រង់ ដែលមិនមែនជាសាច់ឈាមមែនទែនរបស់ទ្រង់​តែ​ដោយ​សេចក្តីជំនឿវិញ ហើយនឹងរឹតតែ​រឹងមាំឡើងខាងឯព្រលឹងវិញ្ញាណ និងរីក​ចំរើន​ធំធាត់​ឡើង​នៅក្នុងព្រះគុណ។

 

 

៩៧.   សំ-     តើអ្វីទៅគឺជារបៀបសមរម្យនៅក្នុងការទទួលនូវពិធីលៀងព្រះអម្ចាស់?

ចំ-      របៀបសមរម្យនៅក្នុងការទទួលនូវពិធីលៀងព្រះអម្ចាស់ គឺការពិនិត្យមើល​ខ្លួន​ឯង​ថាតើយើងបាន​ពិចារណាយល់ពីរូបអង្គ​នៃព្រះអម្ចាស់ដែរឬទេ ហើយ​ថា​តើ​សេចក្តីជំនឿរបស់​យើង​ស្រេក​ឃ្លាន​ក្នុង​ការ​ស្គាល់ទ្រង់ដែរឬទេ ហើយថាយើង​បាន​ប្រែ​ចិត្ត​ចេញ​ពីបាប មានសេចក្តីស្រឡាញ់ និង​ការស្តាប់​បង្គាប់ទ្រង់ជាថ្មី​ដែរឬទេ ដើម្បីកុំ​ឲ្យយើងបរិភោគ ហើយផឹកដោយមិនសមរម្យ ដែលនាំឲ្យយើង​បរិភោគ ហើយផឹកនូវសេចក្តីជំនុំជំរះដល់ខ្លួនឯង។

៩៨.   សំ-     តើអ្វីទៅគឺជា សេចក្តីអធិស្ឋាន?

ចំ-      សេចក្តីអធិស្ឋាន គឺជាការទូលថ្វាយនូវបំណងចិត្តរបស់យើងទៅដល់ព្រះជា​ម្ចាស់​ សំរាប់​គ្រប់​ការ​ទាំង​អស់ដែលស្របនឹងបំណងព្រះហឫទ័យទ្រង់ទាំងសារ​ភាពនូវអំពើ​បាបរបស់យើង ហើយ​ទទួល​ស្គាល់​នូវសេចក្តីមេត្តាករុណា​របស់​ទ្រង់ដោយចិត្តកត្តញ្ញូ​នៅក្នុងព្រះនាមព្រះយេស៊ូវ​គ្រីស្ទ។

៩៩.   សំ-     តើព្រះជាម្ចាស់ដឹកនាំយើងយ៉ាងដូចម្តេចនៅក្នុងការអធិស្ឋាន?

ចំ-      ព្រះបន្ទូលទាំងមូលរបស់ព្រះជាម្ចាស់ ប៉ុន្តែជាពិសេសសេចក្តីអធិស្ឋាន​របស់​ព្រះអម្ចាស់ ដែល​ព្រះគ្រីស្ទបានបង្រៀនដល់ពួកសាវ័ករបស់ទ្រង់ ដឹកនាំយើង​នៅ​ក្នុងការអធិស្ឋាន។

១០០.សំ-     តើសេចក្តីផ្តើមនៃសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់បង្រៀនយើងអំពីអ្វីខ្លះ?

​  ចំ-    សេចក្តីផ្តើមនៃសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ដែលថា «ឱព្រះវរបិតានៃយើង​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌អើយ» បង្រៀនយើងឲ្យចូលមកជិតព្រះជាម្ចាស់​ដោយ​ការគោរព​កោតខ្លាច និង​មាន​ទំនុកចិត្តទាំងស្រុងលើព្រះដ៏​បរិសុទ្ធ ដូចជា​កូន​ដែល​ចូល​មករកឪពុកដែលមានគ្រប់ទាំងព្រះចេស្តា ហើយត្រៀមជាស្រេច​ដើម្បីនឹង​ជួយយើង​។ មិនត្រឹមតែប៉ុណ្ណោះ សេចក្តីផ្តើមនេះបង្រៀនយើងឲ្យ​អធិស្ឋាន​ជាមួយ និងសំរាប់អ្នកដទៃទៀត។

១០១.សំ-     តើយើងអធិស្ឋានទូលសូមអ្វីនៅក្នុងសំណូមអធិស្ឋានដំបូង?

ចំ-     នៅក្នុងសំណូមអធិស្ឋានដំបូងដែលថា​ «សូមឲ្យព្រះនាមទ្រង់​បានបរិសុទ្ធ»​យើង​អធិស្ឋាន​ទូល​សូម​ព្រះជាម្ចាស់​ឲ្យជួយយើង និងអ្នកដទៃទៀត ថ្វាយ​សិរីរុង​រឿង​ដល់​ទ្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​ទ្រង់​ប្រើដើម្បីបើកសំដែងអង្គទ្រង់ឲ្យ​យើង​ស្គាល់ ហើយសូមឲ្យទ្រង់សំរេចនូវព្រះរាជកិច្ចទាំងអស់របស់ទ្រង់សំរាប់ជា​សិរីរុងរឿងដល់អង្គទ្រង់ផ្ទាល់។

១០២.សំ- តើយើងអធិស្ឋានទូលសូមអ្វីនៅក្នុងសំណូមអធិស្ឋានទីពីរ?

​  ចំ-    នៅក្នុងសំណូមអធិស្ឋានទីពីរដែលថា «សូមឲ្យរាជ្យទ្រង់បានម​កដល់» យើង​អធិស្ឋាន​ទូល​សូម​ឲ្យ​នគរ​របស់អារក្សសាតាំងត្រូវវិនាសអន្តរធាន ហើយសូមឲ្យ​នគរ​នៃព្រះគុណបានរីកចំរើនធំឡើង ដើម្បីឲ្យ​ព្រះជាម្ចាស់នាំយើង និងអ្នកដទៃ​ទៀតចូលទៅរស់នៅក្នុងនគរនោះ ហើយ​សូម​ឲ្យ​នគរ​នៃ​សិរីរុង​រឿងបានឆាប់មក​ដល់។

១០៣.សំ- តើយើងអធិស្ឋានទូលសូមអ្វីនៅក្នុងសំណូមអធិស្ឋានទីបី?

ចំ-    នៅក្នុងសំណូមអធិស្ឋានទីបីដែលថា «សូមឲ្យបំណងព្រះហឫទ័យទ្រង់បាន​សំរេចនៅ​ផែនដី​ដូច​នៅ​ស្ថានសួគ៌​ដែរ»  យើងអធិស្ឋានទូលសូមថា ដោយព្រះ​គុណ​ទ្រង់ នោះសូមទ្រង់ប្រទានឲ្យយើង​មាន​លទ្ធភាព និងឆន្ទះក្នុងការយល់​ដឹង ស្តាប់បង្គាប់ និងចុះចូល​ចំពោះ​ព្រះ​ហឫទ័យ​ទ្រង់ ក្នុង​គ្រប់​ទាំង​អស់​ដូចជា​ពួក​ទេវតា​នៅស្ថានសួគ៌ដែរ។

១០៤.សំ-     តើយើងអធិស្ឋានទូលសូមអ្វីនៅក្នុងសំណូមអធិស្ឋានទីបួន?

ចំ-      នៅក្នុងសំណូមអធិស្ឋានទីបួនដែលថា «សូមប្រទានអាហារដែលយើងខ្ញុំត្រូវ​ការនៅថ្ងៃនេះ» យើង​អធិស្ឋាន​ទូលសូមឲ្យយើងបានទទួលនូវចំណែក​ដ៏ល្អ​គ្រប់​គ្រាន់​នៅក្នុងជីវិតនេះ ទុកជា​អំណោយ​ដ៏​ឥត​គិត​ថ្លៃពីព្រះជាម្ចាស់ ហើយ​តាម​រយៈ​អំណោយនោះ យើងអាច​អរសប្បាយ​នឹង​ព្រះពរ​របស់​ទ្រង់។

១០៥.សំ-     តើយើងអធិស្ឋានទូលសូមអ្វីនៅក្នុងសំណូមអធិស្ឋានទីប្រាំ?

ចំ-    នៅក្នុងសំណូមអធិស្ឋានទីប្រាំដែលថា «សូមអត់ទោសសេចក្តីកំហុសរបស់​យើង​ខ្ញុំ​ដូចជា​យើង​ខ្ញុំ​បាន​អត់​ទោសដល់អស់អ្នកដែលធ្វើខុស​នឹងយើងខ្ញុំដែរ»​បាន​ទទួល​នូវការ​លើក​ទឹក​ចិត្ត​ដោយ​សារ​តែ​ព្រះគុណនៃព្រះ ដែលបានជួយឲ្យ​យើង​អាចអត់ទោសឲ្យអ្នកដទៃទៀត​ដោយសុទ្ធចិត្តបាន យើង​អធិស្ឋាន​ទូល​សូម​ថា ដោយយល់ដល់ព្រះគ្រីស្ទ​ សូមព្រះជាម្ចាស់អត់​ទោសបាបទាំងប៉ុន្មាន​របស់​យើង​ខ្ញុំផងចុះ។

១០៦.សំ-     តើយើងអធិស្ឋានទូលសូមអ្វីនៅក្នុងសំណូមអធិស្ឋានទីប្រាំមួយ?

ចំ-      នៅក្នុងសំណូមអធិស្ឋានទីប្រាំមួយដែលថា​ «សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តី​ល្បួងឡើយ តែសូម​ប្រោស​ឲ្យយើងខ្ញុំរួចពីសេចក្តី​អាក្រក់វិញ»​ យើងអធិស្ឋាន​ទូល​សូមព្រះជាម្ចាស់​ឲ្យ​រក្សា​យើង​ដើម្បី​កុំ​ឲ្យ​យើងត្រូវល្បួង ឬជួយទ្រទ្រង់ និង​រំដោះ​យើងនៅពេលយើងត្រូវល្បួង។

១០៧.សំ- តើសេចក្តីបញ្ចប់នៃសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់បង្រៀនយើងអំពីអ្វីខ្លះ?

ចំ-      សេចក្តីបញ្ចប់នៃសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ដែលថា «ដ្បិតរាជ្យ ព្រះ​ចេស្តា​ និងសិរីល្អ​ជា​របស់​ផង​ទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន» ​បង្រៀនយើង​ឲ្យទទួល​នូវ​ការ​លើក​ទឹកចិត្ត​ពី​ព្រះជាម្ចាស់​តែ​មួយ​អង្គប៉ុណ្ណោះនៅក្នុងសេចក្តី​អធិស្ឋានរបស់យើង​ និងសរសើរតំកើង​ដល់ទ្រង់ ដោយ​ថ្វាយ​នូវ​ភាព​ធំឧត្តម​ដល់រាជ្យ ព្រះចេស្តា និងសិរីរុងរឿងរបស់ទ្រង់។ ដើម្បីជាបន្ទាល់ដល់បំណងចិត្ត និង​ទំនុក​ចិត្តរបស់យើងថា​ទ្រង់បានលឺនូវ​សេចក្តីអធិស្ឋាន​របស់យើង យើង​និយាយ​ថា អាម៉ែន។

[1] ភាពដែលគ្មានដែនកំណត់ ដែល​មិន​មាន​ទី​បំផុត ដែល​មិន​ចេះ​ចប់

[2] តេជះ​និង​អានុភាព កម្លាំង​នៃ​អំណាច  អំណាច​ដ៏​ខ្លាំង

[3] គ្រប់គ្រង ​បីបាច់​រក្សា ​ថែ​រក្សា

[4] សេចក្តីខ្ញាល់ កំហឹង

[5] និស្ស័យជាមនុស្សមួយរយភាគរយ​ និងនិស្ស័យ​ជាព្រះមួយរយភាគរយ

[6] ខឹង

[7] បដិបត្តិ ការ​ប្រព្រឹត្ត កាន់ ធ្វើ​តាម

 

[8] ការងារ ឬការកំសាន្តទាំងឡាយណាដែលយើងអាចធ្វើនៅថ្ងៃផ្សេងទៀតក្នុងសប្តាហ៍បាន

[9] នៅព្រះវិហារជាមួយបងប្អូនគ្រីស្ទបរិស័ទឯទៀត

[10] តែម្នាក់ឯង

[11]ដែលអាចធ្វើពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍បាន

[12]ពិធីបង្ហូរព្រះគុណ

[13]កាយវិញ្ញាណ ឃានវិញ្ណាណ ជីវ្ហាវិញ្ញាណ ចក្ខុវិញ្ញាណ សោតវិញ្ញាណ

[14]ការតាំងសម្ព័ន្ធមេត្រី

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>