គោលជំនឿ

១. ព្រះ​ត្រៃ​ឯក យើង​ជឿ​លើ​ព្រះ​មួយអង្គ​ដែល​គង់នៅ​អស់​កល្ប​ជានិច្ច​ក្នុង​តួ​បុគ្គល​បី​អង្គ​ដែលជា​ព្រះ​ស្មើគ្នា​គឺ​ព្រះវរបិតា​ព្រះរាជ​បុត្រា​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ទ្រង់​ស្គាល់​ស្រឡាញ់​ហើយ​ថ្វាយ​សិរី​ល្អ​ដល់​គ្នា​ទៅវិញ​ទៅមក។ ព្រះ​អង្គជា​ព្រះ​ដ៏​ពិត​ហើយ​មាន​ព្រះជន្ម​គង់នៅ។ ទ្រង់​គ្រប់លក្ខណ៍​ឥតខ្ចោះ​ទាំង​ក្នុង​សេចក្តី​ស្រឡាញ់​​និង​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់​ផង។ ទ្រង់​ជា​ព្រះ​អាទិករ​លើ​របស់​សព្វសារពើ​គឺ​ទាំង​របស់​ដែល​មើល​ឃើញ​ហើយ​ដែល​មើលមិនឃើញ​ផង​ដូច្នេះហើយ​ទ្រង់​សម​នឹង​ទទួល​សិរី​រុងរឿង​និង​ការលើក​តំកើង​ទាំង​ស្រុង។ ដោយ​ព្រោះ​ទ្រង់​ជា​ព្រះ​ដែល​មិនចេះ​សុគត​ហើយ​គង់នៅ​អស់​កល្ប​ជានិច្ច​ទ្រង់​ជ្រាប​យ៉ាង​ពេញ​លេញ​និង​ល្អិតល្អន់​អំពី​ទីបញ្ចប់​តាំងពី​ដើមដំបូង​មក​ក៏​ទ្រទ្រង់​ហើយ​គ្រប់គ្រង​លើ​គ្រប់​ទាំងអស់​ប្រកប​ដោយ​អធិតេយ្យភាព។ ព្រះអង្គ​ក៏​បង្កើត​នូវ​ផែនការ​ដ៏​ល្អ​តាំងពី​អស់​កល្ប​ដោយ​ទ្រង់​ផ្ទាល់​បាន​ចូលរួម​ធ្វើ​អន្តរាគមន៍​ដើម្បី​ប្រោស​លោះ​ប្រជារាស្ត្រ​មួយ​សម្រាប់​ទ្រង់​និង​ស្តារឡើងវិញ​នូវ​រាល់​ស្នា​ព្រះ​ហ​ស្ថ​ទ្រង់​ដែល​បាន​ធ្លាក់ចុះ​សំរាប់​ជាការ​សរសើរ​ដល់​ព្រះ​គុណ​ដ៏​មាន​សិរី​ល្អ​របស់​ទ្រង់។

២. ការបើក​សម្តែង ដោយសារ​ព្រះ​គុណ​ទ្រង់​ព្រះ​បានបង្ហាញ​ឲ្យ​ឃើញ​អត្ថិភាព​និង​ព្រះ​ចេស្តា​របស់​ទ្រង់​នៅក្នុង​លំដាប់លំដោយ​នៃ​សព្វសារពើរ​ដែល​ព្រះ​បាន​បង្កើត​ហើយ​ទ្រង់​ក៏បាន​បើក​សម្តែង​យ៉ាងច្បាស់​អំពី​អង្គ​ទ្រង់​ដល់​​មនុស្សជាតិ​ដែល​បាន​ធ្លាក់ចុះ​ក្នុង​អង្គ​បុគ្គល​នៃ​ព្រះរាជ​បុត្រា​ទ្រង់​គឺជា​ព្រះបន្ទូល​ដែល​បាន​ត្រឡប់​ជា​សាច់ឈាម។ លើស​ជាងនេះទៀត​ព្រះអង្គ​គឺជា​ព្រះ​ដែលមាន​បន្ទូល​ហើយដោយ​សារ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​នោះ​ទ្រង់​បានបង្ហាញ​អង្គ​ទ្រង់​ដោយ​ព្រះ​គុណ​តាមរយៈ​ភាសា​មនុស្សជាតិ៖យើង​ជឿថា​ព្រះ​បាន​បណ្តាល​ឲ្យ​តែង​ព្រះបន្ទូល​ដែល​បាន​រក្សាទុក​ក្នុង​ព្រះគម្ពីរ​គឺ​សៀវភៅ​ទាំង​ហុកសិប​ប្រាំមួយ​កណ្ឌ​នៃ​គម្ពីរ​សញ្ញា​ចាស់​និង​សញ្ញា​ថ្មី​ដែល​សញ្ញា​ទាំងពីរ​នេះ​គឺជា​កំណត់ត្រា​និង​ជា​មធ្យោបាយ​នៃ​ព្រះរាជកិច្ច​សង្គ្រោះ​របស់​ទ្រង់​ក្នុង​លោកិយ​នេះ។ មានតែ​សំណេរ​ទាំងនេះ​ប៉ុណ្ណោះ​ដែលជា​ព្រះបន្ទូល​ដែល​ព្រះ​បាន​បណ្តាល​ឲ្យ​តែង​តាមរយះ​ពាក្យសម្តី​ជា​ព្រះបន្ទូល​ដែលមាន​សិទ្ធ​អំណាច​ពេញទី​ក៏​គ្មាន​កំហុស​នៅក្នុង​សំណេរ​ដើម​ហើយ​ដែលមាន​ភាព​ពេញលេញ​នៅក្នុង​ការបើក​សំដែង​អំពី​ព្រះ​ហរ​ទ័យ​ទ្រង់​សំរាប់​សេចក្តី​សង្គ្រោះ។ សំណេរ​ទាំងនេះ​ក៏​គ្រប់គ្រាន់​សម្រាប់​អស់ទាំងអ្វីៗដែល​ព្រះ​ទ្រង់​តម្រូវ​ឲ្យ​យើង​ជឿ​និង​ប្រព្រឹត្ត​តាម​ហើយក៏​ជា​សិទ្ធ​អំណាច​ចុងក្រោយ​លើ​រាល់​វិស័យ​នៃ​តម្រិះ​ទាំងឡាយ​ដែល​ព្រះបន្ទូល​និយាយ​ទៅកាន់​ផង។ យើង​ព្រម​ទទួល​សារភាពថា​ភាព​មាន​ដែន​កំណត់​និង​អំពើ​បាប​របស់​យើង​រាល់គ្នា​បាន​រារាំង​មិនអាច​ឲ្យ​យើង​ស្គាល់​សេចក្តី​ពិត​នៃ​ព្រះ​បាន​ពេញលេញ​ឡើយ​ប៉ុន្តែ​យើង​អះអាងថា​ដោយមាន​ការជួយ​បំភ្លឺ​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ​នោះ​យើង​អាច​ស្គាល់​សេចក្តី​ពិត​ដែល​ព្រះ​បាន​បើក​សំដែង​បាន​យ៉ាងពិត​ប្រាកដ។ យើង​ត្រូវ​ជឿ​ព្រះគម្ពីរ ជា​សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះ​នូវ​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះគម្ពីរ​បង្រៀន   ត្រូវ​គរ​ព​តាម​ព្រះគម្ពីរ​ទុកជា​សេចក្ដី​បង្គាប់​របស់​ព្រះ​នូវ​គ្រប់​ទាំង​សេចក្ដីតម្រូវ    ហើយ​ត្រូវ​ទុកចិត្ត​ព្រះគម្ពីរ  ជា​ពាក្យសន្យា​នៃ​ព្រះ  នូវ​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះគម្ពីរ​សន្យា​ផង។នៅពេលដែល​ប្រជារាស្ត្រ​របស់​ព្រះ​ឮ​ជឿ​ហើយ​ធ្វើតាម​ព្រះបន្ទូល​នោះ​ពួកគេ​ត្រូវបាន​បំពាក់បំប៉ន​ដើម្បី​ធ្វើជា​សិស្ស​របស់​ព្រះ​គ្រី​ស្ទ​និង​ធ្វើ​ជាទី​បន្ទាល់​អំពី​ដំណឹង​ល្អ។

៣. ការបង្កើត​មនុស្សជាតិ យើង​ជឿថា​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​មនុស្ស​មក​ជា​ប្រុស​ជា​ស្រី​ដូច​រូបអង្គ​ទ្រង់។ អ័ដាម​និង​អេ​វ៉ា​ស្ថិតនៅក្នុង​លំដាប់​នៃ​ការបង្កើត​ដែល​ព្រះ​អម្ចាស់​ផ្ទាល់​បានប្រកាសថា  ជា​ការល្អប្រពៃ។ ពួកគេ​គឺជា​ភ្នាក់ងារ​របស់​ព្រះ​ដើម្បី​ថែរក្សា​ចាត់ចែង​ហើយ​ត្រួតត្រា​លើ​ស្នា​ព្រះ​ហ​ស្ថ​ទាំងឡាយ​ហើយ​រស់នៅ​ដោយ​មាន​សេចក្តី​ប្រកប​ដ៏​បរិសុទ្ធ​និង​ភក្តីភាព​ជាមួយនឹង​ព្រះ​អាទិករ​របស់គេ។ មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ត្រូវបាន​បង្កើត​មក​យ៉ាង​ស្មើគ្នា​តាម​រូបអង្គ​ទ្រង់​រីករាយ​ចំពោះ​សិទ្ធ​ស្មើគ្នា​ក្នុងការ​ចូលមក​ឯ​ព្រះ​ដោយ​សេចក្តី​ជំនឿ​ក្នុង​ព្រះ​គ្រី​ស្ទ​ហើយ​ជន​ទាំង​ពីរភេទ​នេះ​ក៏​ត្រូវបាន​ព្រះ​ត្រាស់​ហៅ​ឲ្យ​ចេញពី​ជីវិត​អកម្ម​ដែល​បំពេញ​តែ​បំណងប្រាថ្នា​ខ្លួនឯង​មក​ឯ​ជីវិត​ឯកជន​និង​សាធារណៈ​ដ៏​សំខាន់​ដែល​រួមចំនែក​យ៉ាងសកម្ម​នៅក្នុង​ក្រុមគ្រួសារ​ពួក​ជំនុំ​និង​ជិវិត​ជា​ពលរដ្ឋ។ អ័​ដាម​និង​អេ​វ៉ា​ត្រូវបាន​បង្កើត​មក​ដើម្បី​ជួយ​បំពេញ​ដល់​គ្នា​ទៅវិញទៅមក​ក្នុង​ការរួម​សម្ព័ន្ធមេត្រី​ជា​សាច់​តែមួយ​ដែល​បង្កើតបានជា​ខ្នាត​សិ​ល​ធម៌​នៃ​ការរួម​បវេណី​តែមួយគត់​សម្រាប់​បុរស​និង​ស្ត្រី​ដូច្នេះ​អាពាហ៍ពិពាហ៍​បែប​នេះឯង​គឺជា​គំរូ​បង្ហាញ​អំពី​សម្ព័ន្ធមេត្រី​រវាង​ព្រះ​គ្រី​ស្ទ​នឹង​ពួក​ជំនុំ​ទ្រង់។

នៅក្នុង​គម្រោង​ផែនការ​ដ៏​ឈ្លាសវៃ​របស់​ព្រះ​បុរស​និង​ស្ត្រី​មិនមែន​អាច​ផ្លាស់ប្តូរ​គ្នា​នោះឡើយ (គឺ​បុរស​និង​ស្ត្រី​មាន​លក្ខ​ណះ​ខុសពី​ផ្សេង​ពីគ្នា) គឺ​ពួកគេ​ត្រូវបំពេញ​ដល់​គ្នា​ទៅវិញទៅមក​ក្នុង​ផ្លូវ​ដែល​ចំរើន​ដល់​គ្នា​ទៅវិញទៅមក។ ព្រះ​ទ្រង់​បាន​កំណត់ថា​ពួកគេ​ត្រូវមាន​តួនាទីផ្សេងៗគ្នា​ដែល​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​នៃ​សេចក្តីស្រឡាញ់​រវាង​ព្រះ​គ្រី​ស្ទ​និង​ពួក​ជំនុំ​ប្តី​ត្រូវ​ទទួលខុស​ត្រូវជា​មេ​គ្រួសារ​ក្នុង​របៀប​មួយ​ដែល​បង្ហាញ​អំពី​សេចក្តីស្រឡាញ់​ដ៏​យកចិត្តទុកដាក់​និង​លះបង់​របស់​ព្រះ​គ្រី​ស្ទ​រីឯ​ប្រពន្ធ​វិញ​គឺ​ត្រូវ​ចុះចូល​ចំពោះ​ប្តី​នាង​ក្នុង​របៀប​មួយ​ដែល​ធ្វើជា​គម្រូ​នៃ​សេចក្តីស្រឡាញ់​របស់​ពួក​ជំនុំ​ដល់​ព្រះ​អម្ចាស់​របស់​នាង (គឺ​ព្រះ​គ្រី​ស្ទ)។ នៅក្នុង​ព័ន្ធ​កិច្ច​នៃ​ពួក​ជំនុំ​បុរស​និង​ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បម្រើ​ព្រះ​គ្រី​ស្ទ​ទាំងអស់គ្នា​ហើយ​និង​បង្កើន​ឲ្យ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ព័ន្ធ​កិច្ច​នានា​នៃ​រាស្ត្រ​របស់​ព្រះ។តួនាទី​ដឹកនាំ​ពិសេស​នៅក្នុង​ពួក​ជំនុំ​ដែល​បាន​ប្រទាន​ឲ្យ​ដល់​បុរស​ដែលមាន​លក្ខណៈសម្បត្តិ​ល្អ​គឺមាន​មូលដ្ឋាន​នៅក្នុង​ការបង្កើត​ការធ្លាក់ចុះ​និង​ការ​ប្រោស​លោះ​ហើយ​មិនត្រូវ​ដក​តួនាទី​នេះ​ចេញ​ដោយ​សំអាង​ទៅលើ​ការបត់បែន​វប្បធម៌​នោះឡើយ។

៤. ការធ្លាក់ចុះ យើង​ជឿថា​អ័​ដាម​ដែល​បាន​បង្កើត​មក​ដូច​រូបអង្គ​ព្រះ​បានធ្វើ​ឲ្យ​ខូច​ភាព​ដូច​រូបអង្គ​ទ្រង់​នោះ​ហើយក៏​បានធ្វើ​ឲ្យ​បាត់បង់​ព្រះ​ពរ​ដើម​ដល់​ខ្លួន​គាត់​ព្រមទាំង​ដល់​កូនចៅ​គាត់​ទាំងអស់​ផង​គឺ​ដោយសារ​ការធ្លាក់ចុះ​ទៅក្នុង​អំពើ​បាប​តាមរយះ​សេចក្តី​ល្បួង​របស់​អារក្ស​សាតាំង។ជា​លទ្ធផល​គឺ​គ្រប់​មនុស្សជាតិ​ទាំងអស់​បាន​ដាច់ចេញពី​ព្រះ​ក៏បាន​ត្រឡប់​ជា​ពុករលួយ​ក្នុង​គ្រប់​ទ្រង់ទ្រាយ​នៃ​ភាវៈ​របស់គេ (ឧទាហរណ៍​ដូចជា​ផ្នែក​ខាង​រូប​កាយ​ខាង​គំនិត​ខាង​ឆន្ទៈ​ខាង​មនោសញ្ចេតនា​ខាង​វិញ្ញាណ​ជាដើម) ហើយ​ទីបញ្ចប់​ក៏ត្រូវ​ទទួលទោស​និង​សេចក្តីស្លាប់​ជាក់​ជាមិនខាន​បើសិនជា​គ្មាន​កិច្ច​អន្តរាគមន៍​ដែល​ប្រកបដោយ​ព្រះ​គុណ​របស់​ព្រះអង្គ​នោះ។សេចក្តីត្រូវការ​ដ៏​ធំ​បំផុត​របស់​មនុស្សជាតិ​គឺ​ការ​ផ្សះ​ជាមួយនឹង​ព្រះ​ដែល​យើង​ត្រូវ​ឈរ​នៅ​ចំពោះ​​សេចក្តី​ក្រោធ​ដ៏​សេចក្តី​យុត្តិធម៌​និង​បរិសុទ្ធ​របស់​ទ្រង់​ហើយ​សេចក្តីសង្ឃឹម​តែមួយគត់​របស់​មនុស្ស​គ្រប់​រូបនោះ​គឺ​ស្ថិតនៅលើ​សេចក្តីស្រឡាញ់​ដែល​យើង​មិន​សម​នឹង​ទទួល​របស់​ព្រះអង្គ​ដដែល​នេះឯង។ មានតែ​ទ្រង់​មួយអង្គ​ប៉ុណ្ណោះ​ដែល​អាចជួយ​រំដោះ​យើង​និង​ធ្វើ​ឲ្យ​យើង​អាចម​កឯ​ទ្រង់​វិញ​បាន។

៥. គម្រោង​ផែន​ការណ៍​របស់​ព្រះ យើង​ជឿថា​តាំងពីដើម​អស់​កល្ប​រៀងមក​ព្រះ​ទ្រង់​បាន​ប្តេជ្ញា​ដោយ​ព្រះ​គុណ​រួចហើយ​ថា​នឹង​សង្គ្រោះ​ដល់​មនុស្ស​មាន​បាប​មួយ​ហ្វូង​យ៉ាង​ធំ​ដែល​មកពី​គ្រប់​ទាំង​សាសន៍​គ្រប់​ទាំង​ពូជ​មនុស្ស​គ្រប់​ទាំង​គ្រួសារ​ហើយ​គ្រប់​ទាំង​ភាសា​ហើយ​ទ្រង់​សម្រេច​ផែនការ​នេះ​ដោយបាន​ស្គាល់​គេ​ជាមុន​ហើយ​ក៏បាន​ជ្រើស​ជ្រើស​គេ​ផងដែរ។ យើង​ជឿថា​ព្រះ​ទ្រង់​រាប់​ជា​សុចរិត​ហើយ​ញែក​ជា​បរិសុទ្ធ​ដល់​អស់​អ្នកណា​ដែលមាន​ជំនឿ​លើ​ព្រះ​យេស៊ូ​វ​ដោយសារ​ព្រះ​គុណ​ទ្រង់​ហើយក៏​ជឿថា​នៅ​ថ្ងៃមួយ​ទ្រង់​នឹង​ប្រទាន​សិរី​ល្អ​ដល់​គេ​គឺ​គ្រប់​ទាំងអស់​សម្រាប់​ជាការ​សរសើរ​ដល់​ព្រះ​គុណ​ដ៏​មាន​សិរី​ល្អ​នៃ​ទ្រង់។ដោយសារ​សេចក្តីស្រឡាញ់​របស់​ព្រះ​ទ្រង់​បង្គាប់​ហើយក៏​អង្វរ​មនុស្ស​ទាំងអស់​ឲ្យ​ប្រែចិត្ត​ហើយ​ជឿ​ដោយ​បានដាក់​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដែល​នាំទៅ​ឯ​សេចក្តី​សង្គ្រោះ​ដល់​ពួក​អ្នក​ដែល​ទ្រង់​បានជ្រើសរើស​និង​ដោយបាន​តាំង​ព្រះ​គ្រី​ស្ទ​ឡើងជា​ព្រះអង្គ​ប្រោស​លោះ​របស់​ពួកគេ​ផង។

៦. ដំណឹង​ល្អ យើង​ជឿថា​ដំណឹង​ល្អ​គឺជា​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូ​វ​គ្រី​ស្ទ​ដ៏​ជា​តួ​ប្រាជ្ញា​នៃ​ព្រះ។ លោកីយ៍​ចាត់ទុក​ដំណឹង​ល្អ​ថា​ជា​សេចក្ដី​ចំកួត​ទោះបី​វា​ជា​ព្រះ​ចេស្តា​នៃ​ព្រះ​ដល់​អស់អ្នក​ដែល​កំពុង​បាន​សង្គ្រោះ​ក៏ដោយ​ដំណឹង​ល្អ​នេះ​គឺ​ថ្លែង​អំពី​ព្រះ​គ្រី​ស្ទ​ដែល​ផ្តោតទៅលើ​ឈើឆ្កាង​និង​ការ​រស់​ឡើងវិញ​គឺ​បានសេចក្តីថា​បើ​មិនបាន​ប្រកាស​អំពី​ព្រះ​គ្រី​ស្ទ​ទេនោះ​ក៏​មិនមាន​ការប្រកាស​ដំណឹង​ល្អ​ដែរ​ហើយក៏​គ្មាន​ការប្រកាស​អំពី​ព្រះ​គ្រី​ស្ទ​ដ៏​ពិតប្រាកដ​ដែរ​បើ​សេចក្តីប្រកាស​នោះ​មិន​ផ្តោតទៅលើ​ការ​សុគត​និង​ការ​រស់​ឡើងវិញ​របស់​ទ្រង់ (ខ្លឹមសារ​សំខាន់​នោះ​គឺ៖ «ព្រះ​គ្រី​ស្ទ​បាន​សុគត​ដោយ​ព្រោះ​បាប​របស់​យើង​រាល់គ្នា … [ហើយ] ទ្រង់មាន​ព្រះជន្ម​រស់​ឡើងវិញ»)។ដំណឹង​ល្អ​នេះ​គឺ​តាម​ព្រះគម្ពីរ (ការ​សុគ​និង​ការ​រស់​ឡើងវិញ​របស់​ទ្រង់​តាម​បទ​ព្រះគម្ពីរ) តាម​ទេវ​សាស្ត្រ​និង​សេចក្តី​សង្គ្រោះ (ព្រះ​គ្រី​ស្ទ​បាន​សុគត​ជំនួស​អំពើ​បាប​របស់​យើង​រាល់គ្នា​ដើម្បី​ផ្សះផ្សា​យើង​រាល់គ្នា​ជាមួយនឹង​ព្រះ​វិញ) តាម​ប្រវត្តិសាស្ត្រ (បើសិនជា​ព្រឹត្តិការ​ណ៏​នៃ​ការសង្គ្រោះ​នោះ​មិនបាន​កើតឡើង​ទេនោះ​សេចក្តី​ជំនឿ​របស់​យើង​រាល់គ្នា​ឥតប្រយោជន៍​យើង​នៅក្នុង​អំពើ​បាប​របស់​យើង​រាល់គ្នា​នៅឡើយ​ហើយ​យើង​ក៏​គួរ​ឲ្យ​អាណិតអាសូរ​ជាង​មនុស្ស​ទាំងអស់​ផង) តាម​ពួក​សាវក (ព្រះ​បាន​ផ្ទុកផ្តាក់​ព្រះបន្ទូល​ទៅ​ពួក​សាវក​ដើម្បី​ផ្សព្វផ្សាយ​បន្ត​ដោយ​ពួកគេ​គឺជា​ស្មរបន្ទាល់​អំពី​ព្រឹត្តិការណ៍​សង្គ្រោះ​នេះ) ហើយក៏​តាម​បុគ្គលម្នាក់ៗផ្ទាល់​ដែរ (បើ​បុគ្គល​ណា​ម្នាក់​ទទួល​ជឿ​ហើយ​កាន់ខ្ជាប់​ខ្ជួន​តាម​ដំណឹង​ល្អ​បុគ្គល​នោះបាន​សង្គ្រោះ)។

៧. ការ​ប្រោស​លោះ​នៃ​ព្រះ​គ្រី​ស្ទ យើង​ជឿថា​ដោយសារ​សេចក្តីស្រឡាញ់​និង​ការស្តាប់បង្គាប់​ចំពោះ​ព្រះវរបិតា​ព្រះរាជ​បុត្រា​ដែល​គង់នៅ​អស់​កល្ប​ជានិច្ច​បាន​យកកំណើត​ជាម​នុស្ស៖ព្រះបន្ទូល​បាន​ត្រឡប់​ជា​សាច់ឈាម​ជា​ព្រះ​ពេញលេញ​ជា​មនុស្សជាតិ​ពេញលេញ​គឺ​បុគ្គល​ម្នាក់​ដែលមាន​និស្ស័យ​ពីរ។ មនុស្ស​ឈ្មោះ​យេស៊ូ​វ​ដែលជា​ព្រះ​មែ​ស៊ី​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ព្រះ​បាន​សន្យាថា​នឹង​យាង​មក​ទ្រង់​បានចាប់កំណើត​តាមរយៈ​ការចាប់​ទុំ​ផ្ទៃ​ដ៏​អស្ចារ្យ​គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយក៏​ប្រសូត​មកពី​ក្រមុំ​ព្រហ្មចារី​ឈ្មោះ​នាង​ម៉ារា។ទ្រង់​បាន​ស្តាប់​​បង្គាប់​យ៉ាង​គ្រប់លក្ខណ៍​ដល់​ព្រះវរបិតា​ទ្រង់​ដែល​គង់នៅ​ស្ថានសួគ៌​បានរស់នៅ​ជីវិត​ដែល​គ្មាន​បាប​សោះ​បានធ្វើ​ទី​សំគាល់​អស្ចារ្យ​ជាច្រើន​បានជា​ប់​ឆ្កាង​នៅក្រោម​អំណាច​ប៉ុន​ទាស​ពី​ឡា​ត់​លុះដល់​ថ្ងៃទី​បី​សព​ទ្រង់​ក៏បាន​​រស់​ពី​សុគត​ឡើងវិញ​ហើយក៏​បាន​យាង​ទៅ​ឯ​ស្ថានសួគ៌​វិញ។ ក្នុងនាម​ទ្រង់​ជា​ស្តេច​ដ៏​ជា​អ្នក​សង្រួប​សង្រួម​ទ្រង់​គង់នៅ​ខាងស្តាំ​នៃ​ព្រះ​ដ៏​ជា​ព្រះវរបិតា​គ្រប់គ្រង​ទាំង​នៅ​ស្ថានសួគ៌​និង​ផែនដី​ដោយនូវ​អស់ទាំង​អធិបតេយ្យភាព​របស់​ព្រះ​ហើយ​ទ្រង់​ជាស​ម្តេច​សង្ឃ​និង​ជា​អ្នកការពារ​ក្តី​ដ៏​សុចរិត​របស់​យើង​រាល់គ្នា។

យើង​​ជឿថា​ដោយសារ​ការយក​កំណើត​ជា​មនុស្ស​ព្រះជន្ម​រស់នៅ​ការ​សុគត​ការ​រស់​ឡើ​វិញ​និង​ការយាង​ឡើងទៅ​ស្ថានសួគ៌​វិញ​របស់​ទ្រង់​នោះ​ព្រះ​យេស៊ូ​វ​គ្រី​ស្ទ​ទ្រង់​បាន​ធ្វើជា​អ្នកតំណាង​និង​ជំនួស​ឲ្យ​យើង​រាល់គ្នា។ ទ្រង់​ធ្វើ​ដូច្នោះ​គឺ​ដើម្បី​ឲ្យ​យើង​ដែល​នៅក្នុង​ទ្រង់​អាច​ក្លាយជា​សេចក្តី​សុចរិត​របស់​ព្រះ៖នៅលើ​ឈើឆ្កាង​ទ្រង់​បាន​លប់​អំពើ​បាប​ចោល​ចេញ​បាន​ថ្វាយ​ដ​ង្វា​យ​ប្រ​យោ​ជ​ន៏​ឲ្យ​យើង​អាច​រួច​ពី​សេចក្ដី​ក្រោធ​របស់​ព្រះ​ព្រមទាំង​បានធ្វើការ​ផ្សះផ្សា​ជាមួយនឹង​ព្រះ​នឹង​អ្នក​ជឿ​ទាំងអស់​ដោយ​ទ្រង់​ផ្ទាល់​បាន​ផ្ទុក​លើ​អង្គ​ទ្រង់​នូវ​ទោស​ទាំងស្រុង​នៃ​បាប​របស់​យើង​រាល់គ្នា។ តាមរយះ​ការ​រស់​ឡើងវិញ​ព្រះ​យេស៊ូ​វ​ត្រូវបាន​ព្រះវរបិតា​បញ្ជាក់ថា​គ្មាន​ទោស​ទ្រង់​បំបាក់​អំណាច​នៃ​សេចក្តីស្លាប់​ហើយ​បានឈ្នះ​លើ​សាតាំង​ដែល​ពី​ដើម​មានអំណាច​លើ​សេចក្តី​នេះ​រួច​ក៏បាន​នាំមក​នូវ​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​ពួក​រាស្ត្រ​ទ្រង់គ្រប់ៗគ្នា។ហើយ​តាមរយះ​ការយាង​ឡើងទៅ​ស្ថានសួគ៌​វិញ​របស់​ទ្រង់​នោះ​ទ្រង់​ត្រូវបាន​លើកតម្កើង​ឡើងជា​ព្រះ​អម្ចាស់​អស់​កល្ប​ជានិច្ច​ព្រមទាំង​រៀបចំ​កន្លែង​ឲ្យ​យើង​រាល់គ្នា​បាន​ទៅ​នៅ​ជាមួយនឹង​ទ្រង់​ផង។

យើង​ជឿថា​គ្មាន​សេចក្តី​សង្គ្រោះ​ដោយសារ​អ្នកណា​ទៀត​សោះ​ដ្បិត​នៅក្រោម​មេឃ​គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្សលោក​ឲ្យ​យើង​រាល់គ្នា​បាន​សង្គ្រោះ​នោះឡើយ។ ពីព្រោះ​ទ្រង់​បាន​រើស​អ្នកទាប​ថោក​នៅ​លោកិយ​នេះ​និង​ពួក​អ្នក​ដែល​គេ​មើលងាយ​ព្រមទាំង​របស់​ដែល​គ្មាន​ផង​ដើម្បី​នឹង​លើកចោល​របស់​ដែល​មាន​ចេញ​ប្រយោជន៍​កុំ​ឲ្យ​មនុ​ស្សណា​បាន​អួតខ្លួន​នៅ​ចំពោះ​ព្រះ​ឡើយ​គឺ​ព្រះ​គ្រី​ស្ទ​ទ្រង់​បាន​ត្រលប់​ជា​ប្រាជ្ញា​ដែល​មកពី​ព្រះ​ហើយ​ជា​សេចក្តី​សុចរិត​សេចក្តី​បរិសុទ្ធ​និង​សេចក្តី​ប្រោស​លោះ​ដល់​យើង​ផង។

៨. ការរាប់​ជា​សុចរិត​ដល់​មនុ​ស្សមាន​បាប ​យើង​ជឿថា​ដោយសារ​ការស្តាប់បង្គាប់​និង​ការ​សុគត​របស់​ទ្រង់​ព្រះ​គ្រី​ស្ទ​បាន​បង់​សងបំណុល​ទាំងស្រុង​ដល់​អស់​ពួក​អ្នក​ដែល​បាន​រាប់​ជា​សុចរិត។ ដោយសារ​យញ្ញ​បូជា​ដែល​ទ្រង់​ថ្វាយ​នោះ​ទ្រង់​បានទទួល​ទោស​ជំនួស​យើង​ជា​ទោស​ដែល​យើង​ត្រូវ​ទទួល​ដោយសារ​អំពើ​បាប​យើង​ដោយ​ទ្រង់​បាន​ផ្គាប់​យ៉ាង​ត្រឹមត្រូវ​ពិតប្រាកដ​ហើយ​ពេញលេញ​ដល់​សេចក្តី​យុត្តិធម៌​របស់​ព្រះ​ជំនួស​យើង​រាល់គ្នា។ ដោយសារ​ការស្តាប់បង្គាប់​ដ៏​គ្រប់លក្ខណ៍​របស់​ទ្រង់​ព្រះ​យេស៊ូ​វ​បាន​បំពេញ​តាម​ការទាមទារ​ដ៏​សុចរិត​របស់​ព្រះ​ជំនួស​យើង​រាល់គ្នា​ដ្បិត​ដោយសារ​សេចក្តី​ជំនឿ​តែ​ម្យ៉ាង​គត់​ដែល​ព្រះ​រាប់​អ្នក​ដែល​បាន​ទុកចិត្ត​លើ​ព្រះ​គ្រី​ស្ទ​តែមួយ​អង្គ​គត់​ដើម្បី​ឲ្យ​បានទទួល​មក​នៅ​ជាមួយ​ព្រះ​វិញ​ថា​ជាការ​ស្តាប់បង្គាប់​ដ៏​គ្រប់​លក្ខ​ណ៍។

ដោយ​ព្រោះ​ព្រះ​វរ​បិតា​បាន​ប្រទាន​ព្រះ​គ្រី​ស្ទ​មក​សំរាប់​យើង​ហើយក៏​ទទួលយក​នូវ​ការស្តាប់បង្គាប់​និង​ការរង​ទោស​របស់​ទ្រង់ (ជា​ទណ្ឌកម្ម​ដែល​យើង​រាល់គ្នា​ត្រូវ​ទទួល) ដោយ​ទទេ​ហើយ​មិនមែន​ដោយសារ​អ្វីមួយ​ចេញពី​យើង​រាល់គ្នា​សោះ​នោះ​ការរាប់​ជា​បរិសុទ្ធ​នេះ​គឺជា​ព្រះ​គុណ​ដ៏​សទ្ធា​តែមួយ​ប៉ុណ្ណោះ​ប្រយោជន៍​ឲ្យ​បាន​ថ្វាយ​សិរី​ល្អ​ដល់​សេចក្តី​យុត្តិធម៌​និង​ព្រះ​គុណ​ដ៏​បរិបូណ៌​របស់​ព្រះ​ក្នុង​ការដែល​ទ្រង់​រាប់​មនុស្ស​មាន​បាប​ជា​សុចរិត។ យើង​ជឿថា​ការខិតខំ​ក្នុងការ​ស្តាប់បង្គាប់​ទាំង​លក្ខ​ណះ​ជា​សាធារណៈ​និង​លក្ខ​ណះ​ជា​បុគ្គល​គឺ​ហូរ​ចេញ​មកពី​ការរាប់​ជា​សុចរិត​ដែល​ឥត​បង់ថ្លៃ​នេះ។

៩. អំណាច​ចេស្តា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ​យើង​ជឿថា​សេចក្តី​សង្គ្រោះ​នេះ​ដែល​បានបញ្ជាក់​ក្នុង​គ្រប់​បទ​គម្ពីរ​ហើយ​ដែល​ត្រូវបាន​ធ្វើអោយមាន​សុវត្ថិភាព​ដោយ​ព្រះ​យេស៊ូ​វ​គ្រី​ស្ទ​ត្រូវបាន​ប្រទាន​មក​ពួក​រាស្ត្រ​ទ្រង់​ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ទ្រង់​ត្រូវបាន​ចាត់​បញ្ជូនមក​ដោយ​ព្រះវរបិតា​និង​ព្រះរាជ​បុត្រា។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​យេស៊ូ​វ​គ្រី​ស្ទ​ហើយ​ក្នុងនាម​ជា​អង្គ​ជំនួយ​ទ្រង់មាន​ព្រះ​វត្តមាន​ជាមួយ​ព្រមទាំង​នៅក្នុង​ពួក​អ្នក​ជឿ។ ទ្រង់​សម្តែង​ឲ្យ​មនុស្សលោក​ដឹង​ច្បាស់​អំពី​អំពើ​បាប​អំពី​សេចក្តី​សុចរិត​និង​អំពី​សេចក្តី​ជំនុំជម្រះ​ហើយ​តាមរយះ​កិច្ចការ​ដ៏​អាថ៌កំបាំង​និង​ដ៏​មាន​ព្រះ​ចេស្តា​របស់​ទ្រង់​ព្រះអង្គ​បានធ្វើ​ឲ្យ​មនុ​ស្សមាន​បាប​ដែល​ស្លាប់​ខាង​វិញ្ញាណ​កើតជា​ថ្មី​ឡើងវិញ។ព្រះអង្គ​ក៏​នាំ​គេ​អោយ​ប្រែចិត្ត​និង​ជឿ​ហើយ​ក្នុង​ទ្រង់​នោះគេ​ក៏បាន​ជ្រមុជ​ទៅក្នុង​ការរួបរួម​ជាមួយ​នឹង​ព្រះ​អម្ចាស់​យេស៊ូ​វ​ដែល​ដោយ​សេចក្តី​នោះគេ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះ​ដោយ​ព្រះ​គុណ​តែមួយគត់​តាមរយៈ​សេចក្តី​ជំនឿ​តែមួយគត់​ក្នុង​ព្រះ​គ្រី​ស្ទ​តែមួយគត់។

ដោយសារ​ព្រះ​វិញ្ញាណ​ដែលជា​ភ្នាក់ងារ​នោះ​ពួក​អ្នក​ជឿ​បានកើត​ជាថ្មី​ញែក​ជា​បរិសុទ្ធ​ហើយ​ទទួល​រាប់​ជា​កូនចិញ្ចឹម​ក្នុង​គ្រួសារ​នៃ​ព្រះ​គេ​ក៏​រួមចំនែក​ក្នុង​និស្ស័យ​ព្រះ​ហើយ​ទទួល​អំណោយទានផ្សេងៗតាម​ដែល​ទ្រង់​ចែក​ឲ្យ​ដោយ​ព្រះ​ចេស្តា​ទ្រង់។ អង្គ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ផ្ទាល់​គឺ​ជាទី​បញ្ចាំចិត្ត​នៃ​មត៌ក​ដែល​ព្រះ​បាន​សន្យា​ហើយ​នៅក្នុង​គ្រានេះ​ទ្រង់​ក៏​គង់​ជាមួយ​នាំ​ផ្លូវ​បង្រៀន​បំពាក់បំប៉ន​ជំរុញ​កម្លាំង​និង​ផ្តល់​អំណាច​ដល់​អ្នក​ជឿ​ដើម្បី​ឲ្យ​បាន​ដូចជា​ព្រះ​គ្រី​ស្ទ​ទាំង​នៅក្នុង​ការរស់នៅ​និង​ការបំរើ។

១០. នគរ​ព្រះ ​យើង​ជឿថា​អស់អ្នក​ដែល​បាន​សង្គ្រោះ​ដោយសារ​ព្រះ​គុណ​នៃ​ព្រះ​តាមរយៈ​ការរួបរួម​ជាមួយ​នឹង​ព្រះ​គ្រី​ស្ទ​ដោយ​សេចក្តី​ជំនឿ​ហើយ​តាមរយៈ​ការបង្កើត​ជាថ្មី​ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចូលក្នុង​នគរ​ព្រះ​បាន​ហើយក៏​ត្រេកអរ​ជាមួយនឹង​ព្រះ​ពរ​នៃ​សម្ព័ន្ធមេត្រី​ថ្មី​គឺ​ការ​អត់​ទោស​បាប​ការផ្លាស់ប្តូរ​ពី​ខាងក្នុង​ដែល​ជំរុញអោយមាន​ចិត្ត​ចង់​ថ្វាយ​សិរី​ល្អ​ទុកចិត្ត​និង​ស្តាប់បង្គាប់​ដល់​ព្រះ​ព្រមទាំង​សិរី​ល្អ​នាពេល​អនាគត​ដែល​នឹង​ត្រូវ​បើក​សម្តែង​មក​ផង។ ការប្រព្រឹត្ត​ល្អ​គឺជា​ភស្តុតាង​ដ៏​ចាំបាច់​នៃ​ព្រះ​គុណ​ដែល​កំពុងតែ​សង្គ្រោះ។ ការរស់​នៅ​ជា​អំបិល​នៃ​ផែនដី​ដែល​កំពុង​ស្អុយរលួយ​ទៅហើយ​ជា​ពន្លឺ​នៃ​លោកិយ​ដ៏​ខ្មៅ​ងងឹត​ពួក​អ្នក​ជឿ​មិនគួរ​ដកខ្លួន​ចេញ​ពី​លោកិយ​ទាំងស្រុង​ក៏​មិនគួរ​ត្រឡប់​ដូចជា​លោកិយ​បេះបិទ​នោះដែរ។ប៉ុន្តែ​យើង​ត្រូវធ្វើ​ការល្អ​ដល់ទី​ក្រុង​ដែល​យើង​រស់នៅ​នោះ​ព្រោះ​គ្រប់​ទាំង​កិត្តិយស​និង​សិរី​ល្អ​នៃ​ប្រជាជាតិ​នោះ​ត្រូវ​ថ្វាយ​ដល់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ​វិញ។ ដោយ​ព្រោះ​យើង​ទទួលស្គាល់ថា​ព្រះ​ជា​ម្ចាស់​លើ​លំដាប់លំដោយ(សណ្តាប់ធ្នាប់)នៃ​ការបង្ក​បង្កើត​​នេះ​ហើយដោយ​ព្រោះ​យើង​គឺ​រាស្ត្រ​នៃ​នគរ​ព្រះ​នោះ​យើង​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​យើង​ដូចជា​ស្រឡាញ់​​ខ្លួនឯង​ធ្វើការ​ល្អ​ដល់​មនុស្ស​គ្រប់រូប​ជាពិសេស​គឺ​ចំពោះ​អស់អ្នក​ដែលជា​សមាជិក​នៃ​គ្រួសារ​ព្រះ។ នគរ​ព្រះ​ដែល​បានមក​ដល់​ហើយ​តែ​មិនទាន់​សម្រេច​ពេញលេញ​នៅឡើយ​គឺជា​ការបញ្ជាក់​អំពី​អធិបតេយ្យភាព​​របស់​ព្រះ​នៅលើ​លោកិយ​នេះ​ដរាប​ដល់​ការ​ប្រោស​លោះ​គ្រប់​ទាំង​ស្នា​ព្រះ​ហ​ស្ថ​ទ្រង់​នៅ​គ្រា​ចុងក្រោយបង្អស់។នគរ​ព្រះ​គឺជា​អំណាច​ចេស្តា​ដែល​វាយលុក​ទៅលើ​នគរ​ដ៏​ខ្មៅ​ងងឹត​របស់​សាតាំង​ហើយក៏​បង្កើត​ព្រមទាំង​កែ​ឲ្យ​បាន​ថ្មី​ឡើងវិញ​នូវ​ជីវិត​របស់​បុគ្គលម្នាក់ៗដែល​បាន​រំដោះ​ចេញពី​នគរ​នោះ​តាមរយៈ​ការ​ប្រែចិត្ត​និង​សេចក្តី​ជំនឿ។ ហេតុដូច្នេះ​នគរ​ព្រះ​ចាំបាច់​ត្រូវតែ​បង្កើត​សហគមន៍​មនុស្ស​ថ្មី​មួយ​ដែល​រស់នៅ​ជាមួយគ្នា​ក្រោម​ការគ្រប់គ្រង​របស់​ព្រះ។

១១. រាស្ត្រ​ថ្មី​នៃ​ព្រះ​ យើង​ជឿថា​រាស្ត្រ​នៃ​ការតាំង​សញ្ញា(សម្ព័ន្ធមេត្រី)ថ្មី​របស់​ព្រះ​បាន​ចូលមក​ឯ​ក្រុង​យេ​រូ​សា​ឡិ​ម​នៃ​ស្ថានសួគ៌​រួចហើយ។ពួកគេ​ក៏បាន​អង្គុយ​នៅ​ជាមួយនឹង​ព្រះ​គ្រី​ស្ទ​នៅ​ស្ថានសួគ៌​រួចហើយ​ដែរ។ ពួក​ជំនុំ​សាកល​នេះ​បង្ហាញ​ឲ្យ​ឃើញ​នៅក្នុង​ពួក​ជំនុំ​តាម​កន្លែងផ្សេងៗដែលមាន​ព្រះ​គ្រី​ស្ទ​ទ្រង់​តែមួយ​អង្គ​គត់​ជា​សិរសារ​ដូច្នេះ​ការពិត «ពួក​ជំនុំ​តាម​តំបន់» នីមួយៗគឺជា​ពួក​ជំនុំ​ជា​ដំណាក់​នៃ​ព្រះ​ជា​ក្រុម​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ជាស​សរ​និង​ជា​គ្រឹះ​នៃ​សេចក្តី​ពិត។ពួក​ជំនុំ​គឺជា​រូប​កាយ​នៃ​ព្រះ​គ្រី​ស្ទ​ជា​កែវ​ព្រះ​នេត្រ​របស់​ទ្រង់​ជា​ស្នាម​ចារឹក​នៅលើ​ព្រះ​ហ​ស្ថ​ទ្រង់​ហើយ​ទ្រង់​បាន​ដណ្តឹង​នាង​ទុក​សម្រាប់​អង្គ​ទ្រង់​ជា​ដរាប​តទៅ។ ពួក​ជំនុំ​មាន​លក្ខណៈ​ខុសប្លែក​ពី​គេ​ដោយសារ​ដំណឹង​ល្អ​ដែល​ពួកគេ​ប្រកាស​ពិធី​ដ៏​បរិសុទ្ធ​វិន័យ​មហា​បេសកកម្ម​ហើយ​លើស​ជាងនេះទៀត​គឺ​សេចក្តីស្រឡាញ់​ដែល​ពួក​ជំនុំ​មាន​ចំពោះ​ព្រះ​ព្រមទាំង​សេចក្តីស្រឡាញ់​ដែល​សមាជិក​ម្នាក់​មាន​ចំពោះ​គ្នា​ទៅវិញទៅមក​និង​ចំពោះ​មនុស្ស​ទូទៅ​ទាំងអស់​ផង។

ការដែល​សំខាន់​នោះ​គឺថា​ដំណឹង​ល្អ​ដែល​យើង​ស្រឡាញ់​ការពារ​នេះ​គឺមាន​ឥទ្ធិពល​ទាំង​ទៅលើ​បុគ្គលម្នាក់ៗ​និង​ទាំង​សហភាព​នៃ​មនុស្ស​ដែរ​ហើយ​ការ​ទាំងពីរ​នេះ​យើង​មិនអាច​មើលរំលង​មួយណា​បានឡើយ។ ព្រះ​គ្រី​ស្ទ​យេស៊ូ​វ​ទ្រង់​ជា​សេចក្តីសុខសាន្ត។ ទ្រង់​មិន​ត្រឹមតែ​នាំមក​នូវ​សេចក្តី​មេត្រី​រវាង​មនុស្ស​នឹង​ព្រះ​ប៉ុណ្ណោះ​ទេ​តែ​សេចក្តី​មេត្រី​រវាង​មនុ​ស្សនឹង​មនុស្ស​ដែល​បាន​ដាច់ចេញពី​ព្រះ​ផងដែរ។ បំណង​ព្រះ​ហឫទ័យ​ទ្រង់​នោះ​គឺ​ដើម្បី​បង្កើត​មនុស្សជាតិ​ថ្មី​មួយ​ក្នុង​ព្រះអង្គ​ទ្រង់​ដោយ​តាំង​ឲ្យ​មាន​ស្ពានមេត្រី​ហើយ​ឲ្យ​ទ្រង់​បាន​ផ្សះផ្សា​ទាំងពីរ​ជា​មួយ​នឹង​ព្រះ​គឺ​ទាំង​សាសន៍​យូ​ដា​និង​សាសន៍​ដទៃ​មក​ក្នុង​រូប​កាយ​តែមួយ​ដោយសារ​ឈើឆ្កាង​ព្រមទាំង​រំងាប់​សេចក្តី​សំអប់​គ្នា​ដោយ​ឈើឆ្កាង​នោះឯង។ ពួក​ជំនុំ​មាន​តួនាទី​ធ្វើ​ជាទី​សម្គាល់​អំពី​ផែនដី​ថ្មី​របស់​ព្រះ​ដែល​នឹង​មកដល់​តាមរយៈ​ការដែល​សមាជិក​របស់​ពួក​ជំនុំ​រស់នៅ​ដោយ​បម្រើ​ដល់​គ្នា​ទៅវិញទៅមក​ហើយ​ដល់​អ្នក​ជិត​ខាង​ខ្លួន​ជាជាង​អាត្មានិយម។ពួក​ជំនុំ​គឺជា​ដំ​ណា​ក់រូម​មួយ​របស់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ហើយ​ជា​បន្ទាល់​និរន្ត​រ៏​អំពី​ព្រះ​នៅក្នុង​លោកិយ​នេះ។

១២. ពិធី​ជ្រមុជ​ទឹក​និង​ពិធីជប់លៀង​ព្រះ​អម្ចាស់ ​យើង​ជឿថា​ពិធីបុណ្យ​ជ្រមុជ​ទឹក​និង​ពិធីជប់លៀង​ព្រះ​អម្ចាស់​បាន​តាំង​ឡើង​ដោយ​ព្រះ​អម្ចាស់​យេស៊ូ​វ​ផ្ទាល់។ ពិធី​ជ្រមុជ​ទឹក​គឺ​ជាប់​ទាំង​ទង​នឹង​ការ​ចូលមកក្នុង​សហគមន៍​នៃ​ការតាំង​សញ្ញា(សម្ព័ន្ធមេត្រី)ថ្មី​ហើយ​ពិធីជប់លៀង​ព្រះ​អម្ចាស់​ទាក់ទង​នឹង​ការ​រំលឹក​ឡើងវិញ​នូវ​សញ្ញា​(សម្ព័ន្ធមេត្រី)ថ្មី​នោះ។ ពិធី​ទាំងពីរ​នេះ​គឺជា​សេចក្តី​សន្យា​របស់​ព្រះ​ដល់​យើង​រាល់គ្នា​ជា​ពិធី​ដែល​ព្រះ​តាំង​ឡើង​សំរាប់​សម្តែង​អំពី​ព្រះ​គុណ​ជា​ពិធី​សម្បថ​សាធារណៈ​របស់​យើង​ក្នុងការ​ចុះចូល​ចំពោះ​ព្រះ​គ្រី​ស្ទ​ដែល​ទ្រង់​បាន​ជាប់​ឆ្កាង​ហើយ​ឥឡូវនេះ​បាន​រស់​ឡើងវិញ​ហើយក៏​ជាការ​រំពឹង​រងចាំ​ការយាង​ត្រឡប់មកវិញ​របស់​ទ្រង់​ព្រមទាំង​ការបំពេញ​សម្រេច​នៃ​គ្រប់​ទាំងអស់។

១៣. ការស្តារ​គ្រប់​ទាំងអស់​ឡើងវិញ យើង​ជឿថា​អង្គ​ព្រះ​យេស៊ូ​វ​ផ្ទាល់​នឹង​យាង​ត្រលប់​មកវិញ​មាន​ព្រះកាយ​ប្រកបដោយ​សិរី​រុងរឿង​រួមជាមួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ​របស់​ទ្រង់​គឺជា​ពេលដែល​ទ្រង់​នឹង​ធ្វើជា​ចៅក្រម​ចុងក្រោយ​បំផុត​ហើយ​នគរ​ទ្រង់​នឹង​បានសម្រេច​ពេញលេញ។ យើង​ជឿថា​ទាំង​ពួក​សុចរិត​និង​ពួក​ទុច្ចរិត​នឹង​រស់​ឡើងវិញ​ខាង​រូប​កាយ​គឺ​ពួក​អ្នក​ទុច្ចរិត​នឹង​ជាប់​ជំនុំជម្រះ​ហើយ​ជាប់ទោស​ដោយ​ដឹងខ្លួន​ក្នុង​ស្ថាន​នរក​អស់​កល្ប​ជានិច្ច​ដូចដែល​ព្រះ​អម្ចាស់​នៃ​យើង​ទ្រង់​បាន​បង្រៀន​ហើយ។រីឯ​ពួក​សុចរិត​វិញ​គេ​នឹង​ទទួលបាន​ព្រះ​ពរ​អស់​កល្ប​ជានិច្ច​នៅក្នុង​វត្ត​មាននៃ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក​និង​នៃ​កូន​ចៀម​នៅក្នុង​ផ្ទៃមេឃ​ថ្មី​និង​ផែនដី​ថ្មី​ដែលជា​លំនៅ​នៃ​សេចក្តី​សុចរិត។នៅថ្ងៃនោះ​ពួក​ជំនុំ​នឹងត្រូវ​បង្ហាញថា​ជា​អុ្ន​ក​គ្មាន​កំហុស​នៅ​ចំពោះ​ព្រះ​ដោយសារ​ការស្តាប់បង្គាប់​ការរង​ទុក្ខ​និង​ជ័យជំនះ​របស់​ព្រះ​គ្រី​ស្ទ​គឺ​គ្រប់​ទាំង​អំពើ​បាប​ត្រូវបាន​សម្អាត​ហើយ​លទ្ធផល​ដ៏​អាក្រក់​ទាំងអស់​របស់​បាប​ក៏​នឹងត្រូវ​បាន​បំបាត់ចោល​អស់​កល្ប​ជានិច្ច។ព្រះ​ទ្រង់​នឹង​ធ្វើជា​គ្រប់​ទាំងអស់​ក្នុង​គ្រប់​ទាំង​អស់ហើយ​ពួក​រាស្ត្រ​ទ្រង់​នឹង​រីករាយ​នៅក្នុង​វត្ត​មាននៃ​សេចក្តី​បរិសុទ្ធ​ដ៏​រក​ថ្លែង​មិនបាន​របស់​ទ្រង់​ហើយ​គ្រប់ការ​ទាំងអស់​នឹង​បានជា​ការសរសើរ​តម្កើង​ពី​ព្រះ​គុណ​ដ៏​មាន​សិរី​ល្អ​របស់​ទ្រង់។

One comment on “គោលជំនឿ
  1. Cheang Senghong says:

    My belief is the same with your belief. so, i would like say thank you so much for this website. This website helped me a lots in understanding God’s word.

Leave a Reply

Your email address will not be published. Required fields are marked *

*

Top